(ភ្នំពេញ)៖ ក្នុងវេទិកាសន្ទនាដៃគូវិស័យសាធារណៈ និងឯកជន ស្តីពី «ការអភិវឌ្ឍសាកវប្បកម្ម និងស្វាយចន្ទី» នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបង្ហើបឲ្យដឹងថា សហរដ្ឋអាមេរិក តាមរយៈ USDA ( United State Department of Agriculture) គ្រោងផ្ដល់ជំនួយជាង២៣លានដុល្លារ សម្រាប់គាំទ្រដល់វិស័យវារីវប្បកម្ម (ចិញ្ចឹមត្រី) នៅក្នុងប្រទេសកម្ពុជា។
វេទិកាសន្ទនាដៃគូវិស័យសាធារណៈ និងឯកជននេះ ក៏មានការចូលរួមពី លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា, លោកស្រី Carin Salerno នាយកទីភ្នាក់ងារស្វីស ដើម្បីការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) និងដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្មជាច្រើនរូប ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារ Raffles Le Royal Phnom Penh។
លោករដ្ឋមន្ត្រីថ្លែងថា «ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ USDA បានរៀបចំគម្រោងគាំទ្រដល់វិស័យវារីវប្បកម្មដែលមាន ថវិកាសរុបប្រមាណជាង ២៣លានដុល្លារសហរដ្ឋអាមេរិក»។
បញ្ជាក់ប្រាប់មកអង្គភាព Fresh News លោក វេង សាខុន បានឲ្យដឹងទៀតថា គម្រោងគាំទ្រដល់វិស័យវារីវប្បកម្ម ដែលមានថវិកាសរុបប្រមាណជាង២៣លានដុល្លារសហរដ្ឋអាមេរិកនេះ កំពុងរៀបចំចុះហត្ថលេខានៅក្នុងពេលឆាប់ៗខាងមុខ តាមរយៈ USDA។
លោក វេង សាខុន បានបន្ថែមថា គម្រោងនេះមានរយៈពេល៥ឆ្នាំ ដែលអាចចាប់ផ្ដើមដំណើរការ នៅតាមបណ្តាខេត្តដែលជាប់បឹងទន្លេសាប។
លោក វេង សាខុន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជួបជាមួយតំណាងរបស់អាមេរិក, សហគមន៍អឺរ៉ុប និងស្វីសជាដើម ពួកគេសុទ្ធបញ្ជាក់ជំហរថា បន្តជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា គ្មាននរណានិយាយអំពីការផ្តាច់ជំនួយពីកម្ពុជានោះទេ មិនដូចការលើកឡើងរបស់ក្រុមមួយចំនួនឡើយ»។
លោករដ្ឋមន្រ្តី វេង សាខុន បានចាត់ទុកថា វេទិកាសន្ទនាភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ស្តីពី «ការអភិវឌ្ឍដំណាំសាកវប្បកម្ម និងដំណាំស្វាយចន្ទី» នាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត ក្នុងការបង្កើនផលិតភាព ពិពិធកម្ម កសិ-ពាណិជ្ជកម្ម និងធាតុចូលសម្រាប់ជាយុទ្ធសាស្រ្តអភិវឌ្ឍសាកវប្បកម្ម និងដំណាំស្វាយចន្ទីនាពេលអនាគត។
លោកបញ្ជាក់ទៀតថា ក្រសួងកសិកម្ម បាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងប្រទេសផ្ដល់ជំនួយ ដើម្បីជួយគាំទ្រទាំងថវិកា និងបច្ចេកទេសក្នុងការចូលរួម ជំរុញលើកកម្ពស់ បង្កើនផលិតភាពដំណាំសាកវប្បកម្ម និងដំណាំស្វាយចន្ទី ទាំងគុណភាព សុវត្ថិភាពឲ្យបានសមស្របតាមស្តង់ដារអន្តរជាតិ ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស៕