(បន្ទាយមានជ័យ)៖ លោក ហ៉ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដោយមានការចូលរួមពីអភិបាលរងក្រុង ក្រុមប្រឹក្សាក្រុង មន្ត្រីសាលាក្រុង កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងសាលប្រជុំសាលាក្រុងសិរីសោភ័ណ។
លោក ហ៊ឹល រ៉ាយ៉ា បានថ្លែងថា ក្រុមមន្ត្រីពាក់ព័ន្ទ នឹងចាត់វិធានការទៅលើម្ចាស់ដី ដែលបានពុះដីឡូតិ៍ដើម្បីលក់ ដោយមិនមានការសុំអនុញ្ញាតច្បាប់ ជាក់ស្តែងក្រសួងរៀបចំដែនដី ក៏បានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ដីឡូតិ៍ទាំងឡាយ ករណីលក់ដីឡូតិ៍ខ្យល់ ឬលក់ដីឡូតិ៍ដែលមិនបានចុះបញ្ជីត្រឹមត្រូវ។
លោកអភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា កន្លងមកម្ចាស់ដីនៅក្នុងក្រុងសិរីសោភ័ណ មានការព្រួយបារម្ភពីការលក់ដី ហើយមិនទាន់ទទួលបានការបង់ប្រាក់គ្រប់ចំនួន បែរជាឈ្មួញដែលបានទិញ យកទៅពុះដីឡូតិ៍លក់បន្ត ដើម្បីបានប្រាក់ចំណេញ ដោយមិនបានធ្វើសុំច្បាប់ឲ្យបានត្រឹមត្រូវឡើយ ធ្វើឲ្យមានការប្តឹងផ្តល់គ្នាជាបន្តបន្ទាប់។
លោកបន្តថា ជាគោលការណ៍ ច្បាប់ភូមិបាលបានផ្តល់កម្មសិទ្ធិ ហើយរាជរដ្ឋាភិបាលបាន រៀបចំប្រព័ន្ធចុះបញ្ជី ទី១៖ មានការចុះបញ្ជីជាប្រព័ន្ធ បន្ទាប់មកគោលដៅអនុវត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយទី២៖ ការចុះបញ្ជីដាច់ដោយឡែក។ លោកអភិបាលក្រុងថា ប្រជាពលរដ្ឋត្រូវតែពិនិត្យមើលមុននឹងទិញដី ថាដីនោះពិតជាមានការចុះបញ្ជីត្រឹមត្រូវ ហើយជាដីរបស់អ្នកដែលបានលក់ ពិតប្រាកដឬអត់?
ទាក់ទឹនរឿងនេះ លោក ហ៊ឹល រ៉ាយ៉ា បានចាត់មន្ត្រីក្រោមឱវាទ ត្រូវធ្វើការចុះពិនិត្យឲ្យបានជាប្រចាំ ចុះស្រង់ឈ្មោះម្ចាស់ទីតាំងដីឡូតិ៍ ទាំងមានច្បាប់ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវទាំងអស់ក្នុងក្រុង ដើម្បីឲ្យម្ចាស់ដីឡូតិ៍ ដែលមិនទាន់មានច្បាប់អនុញ្ញាត មកសុំច្បាប់ឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេអាជ្ញាធរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។
គូរបញ្ជាក់ថា ក្រោយពីមានភាពរីកចម្រើនលើវិស័យអចលទ្រព្យ ពិសេសការពុះដីឡូតិ៍លក់ ដែលចំណុចទាំងនេះ បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ពីសំណាក់អាជ្ញាធរ ដោយអាជីវកម្មពុះដីឡូតិ៍លក់នេះ ខ្លះមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមួយចំនួនទៀត មិនបានធ្វើការអនុញ្ញាតច្បាប់។ នៅក្នុងខេត្តបន្ទាយមានជ័យ ពិសេសនៅក្នុងក្រុងសិរីសោភ័ណ មានទីតាំងពុះដីឡូតិ៍លក់ជាង៤០ទីតាំង៕