(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ មិនបានប្រើយន្តហោះរបស់ Cambodia Angkor Air ដូចសព្វដងនោះទេ គឺបានប្តូរមកប្រើយន្តហោះរបស់ក្រុមហ៊ុន Deerjet ដែលជាប្រភេទយន្តហោះ 787-8 របស់ក្រុមហ៊ុន Boeing ជំនួសវិញ។
ការប្តូរមកប្រើប្រាស់យន្តហោះនេះ ដោយសារតែយន្តរបស់កម្ពុជាដែលសម្តេចប្រើសព្វដងនោះជាប្រភេទយន្តហោះខ្នាតតូច ដែលមិនអាចហោះហើរឆ្លងទ្វីបបាន។ ផ្ទុយពីយន្តហោះរបស់ក្រុមហ៊ុន Deerjet មានសមត្ថភាពគ្រប់គ្រាន់ក្នុងការហោះឆ្លងទ្វីប។
ឥឡូវមកស្វែងយល់ពីប្រភេទយន្តហោះរបស់ក្រុមហ៊ុន Deerjet ដែលមានផ្តល់សេវាកម្មយ៉ាងល្អប្រណិត។ យន្តហោះ 787-8 ត្រូវបានផលិតដោយក្រុមហ៊ុន Boeing ហើយត្រូវបានប្រកាសដាក់លក់ជាផ្លូវការនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១១ ក្នុងតម្លៃគោល ២២៤.៦លានដុល្លារ និងជ្រើសរើសឲ្យដាក់ដំណើរការជាលើដំបូងដោយ All Nippon Airways របស់ជប៉ុន។
យន្តហោះនេះដំណើរការដោយម៉ាសុីនប្រភេទ Roll Royce Trent 1000 ឬ General Electric GEnx-1B ហើយអាចធ្វើការហោះហើររយៈចម្ងាយឆ្ងាយបាន ចំនួន ១៧ម៉ោង ឬ 14,200km-15,200km នឹងមានសមត្ថភាពធ្វើការហោះហើរក្នុងរយៈកំពស់ 10,700ម៉ឺត្រ ជាមួុយល្បឿន 954km/h ។
សម្រាប់តួរយន្តហោះមានប្រវែង 56.7ម៉ែត្រ ទទឹងពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងប្រវែង 60.1ម៉ែត្រ នឹងកម្ពស់ពីដី 16ម៉ែត្រ (Cabin 5.97m) ។
ដោយឡែកក្រុមហ៊ុន Deerjet បានជ្រើសរើសយក787-8 ជាលើកដំបូងដើម្បីបម្រើរសេវាកម្មខ្លួនចាប់ពីខែកញ្ញា ២០១៦ ជាមួយការរចនាជាពិសេស និងប្រណិតស្របទៅហ្នឹងការបម្រើសេវាកម្មលំដាប់ផ្កាយ៧ សម្រាប់ឥស្សរជនថ្នាក់ដឹកនាំជាតិ ក៏ដូចជាអភិជនផងដែរ៕