(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនគ្រួសារទីទ័លក្រ មានទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីភ្លីធំ ក្រាលក្ដារ ជញ្ជាំងក្ដារ តម្កល់លើជើងតាង កម្ពស់១,៨០ម៉ែត្រ ដែលជាអំណោយរបស់លោកស្រី សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បានផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។
ពិធីប្រគល់នេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ជូនគ្រួសារលោកស្រី ធិក សាម៉ូន អាយុ៥២ឆ្នា ជាស្ត្រីមេម៉ាយ មានកូន៥នាក់ រស់នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នដើរស៊ីឈ្នួលគេបានថវិកាខ្លះផ្គង់ផ្គង់គ្រួសារ។
ថ្លែងក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ឃឹម ប៊ុន សុង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
លោកស្រី គួយ ណាលីន បានបន្តថា នេះជារដូវវស្សាសូមប្រជាពលរដ្ឋទាំងអស់ ត្រូវចេះប្រុងប្រយ័ត្នចំពោះសុខភាព ពិសេសកូនចៅតូចៗបើឃើញថា មិនស្រួលត្រូវប្រញ៉ាប់បញ្ជូន ទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ហើយត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះ ដើម្បីបានប្រើប្រាស់យូរអង្វែង និងជាជម្រកដ៏កក់ក្តៅតរៀងទៅ។
អំណោយមនុស្សធម៌បន្ថែមសម្រាប់១គ្រួសារ ទទួលបាន៖ មុង១, ភួយ១, សារុង១, ក្រមា១, កន្ទេល១, អង្ករ៥០គីឡូក្រាម, មី១កេស,ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ៥យួរ, សម្ភារផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗ ទទួលបានសារុង១ និងថវិកា១ម៉ឺនរៀលផងដែរ។
ឆ្លៀតឱកាសនោះ លោកស្រី គួយ ណាលីន ក៏បានអញ្ជើញចុះពិនិត្យលំនៅដ្ឋានប្រជាពលរដ្ឋទីទ័លក្រ ចំនួន៣គ្រួសារ ស្ថិតនៅក្នុងភូមិដូនហុងនេះ ដែលពួកគាត់ជាស្រ្តីមេម៉ាយទីទ័លក្រ និងមួយគ្រួសារប្តីមានជំងឺ ដែលគ្មានលទ្ធភាព ក្នុងការសាងសង់ផ្ទះរស់នៅឲ្យបានសមរម្យ។
ក្នុងនោះលោកស្រី ក៏បាននាំនូវសំណូមពររបស់គ្រួសារក្រីក្រ ទាំង៣គ្រួសារ ដើមី្បធ្វើការស្វែងរកសប្បុរសជនក្នុង និងក្រៅប្រទេសផ្តល់នូវផ្ទះមនុស្សធម៌ ដល់ពួកគាត់ផងដែរ។ ប្រជាពលរដ្ឋទាំង៣គ្រួសារ ក៏មានសង្ឃឹមជឿជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងនាមជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើមី្បផ្តល់នូវភាពកក់ក្តៅដល់ពួកគាត់ផងដែរ៕