(កំពង់ឆ្នាំង)៖ បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២... និងរហូតដល់ថៃ្ងបញ្ចប់ជាថៃ្ងភ្ជុំបិណ្ឌ ដោយមានពុទ្ធបរិស័ទបានដាក់វេនគ្នានាំក្រុមគ្រួសារ ទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាមមិនឱ្យដាច់ឡើយ។
យ៉ាងណាមិញព្រះភិក្ខុ ម៉ុច សៅលី ព្រះចៅអធិការវត្តក្រឡាញ់ចាស់ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បែរជាបានដង្ហើយហៅពុទ្ធបរិស័ទ្ធយកចង្ហាន់ទៅវត្តទៅវិញ គឺវត្តក្រឡាញ់ចាស់ ស្ថិតនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមកទល់ពេលនេះហើយ មិនទាន់មានពុទ្ធបរិស័ទយកចង្ហាន់ទៅប្រគេនគ្រប់វេននៅឡើយទេ។
ព្រះភិក្ខុ ម៉ុច សៅលី មានសង្ឃដីការប្រាប់ឱ្យភ្នាក់ងារសារព័ត៌មាន Fresh News ដឹងនៅថ្ងៃនេះថា នៅវត្តក្រឡាញ់ចាស់ ហួសទីរួមខេត្តកំពង់ឆ្នាំង១៥គីឡូម៉ែត្រ មិនមានអ្នកកាន់បិណ្ឌគ្រប់វេននោះទេ គឺពេញមួយរដូវភ្ជុំបិណ្ឌមានចំនួន១៥ថ្ងៃនេះ មានពុទ្ធបរិស័ទ២វេនតែប៉ុណ្ណោះ ហើយក្រៅពីពុទ្ធបរិស័ទតែ២វេននេះ គឺព្រះសង្ឃចំនួន៣អង្គ ក្នុងវត្តនេះមិនមានចង្ហាន់នោះទេ។ ព្រះតេជគុណ ក៏បានអំពាវនាវឱ្យពុទ្ធបរិស័ទ ដែលមានបំណងនាំក្រុមគ្រួសារយកចង្ហាន់ទៅប្រគេនព្រះសង្ឃ សូមមកវត្តក្រឡាញ់ចាស់នេះផង ព្រោះវត្តដ៏កំសត់មួយនេះ មិនមានពុទ្ធបរិស័ទ យកចង្ហាន់មកបានគ្រប់វេននោះទេ។
ព្រះតេជគុណបានមានសង្ឃដីការបញ្ជាក់ថា «អាត្មាភាពមិនចង់បាន ម្ហូបអាហារបបូរអីទេ សុំត្រឹមតែមានវេនដូចវត្តគេផ្សេងៗ ទៅគ្រប់គ្រាន់ហើយ តែនេះអត់ទាំងវេនគ្រប់ទៀត ញាតិញោម មានសទ្ធាជ្រះថ្លា ចង់មកកាន់បិណ្ឌអាចទំនាក់ទំនងលេខទូរស័ព្ទអាត្មាភាព 015 896 999 ,097 55 08 097»។
គួរបញ្ជាក់ដែរថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕