(តាកែវ)៖ រូបសំណាកតាកែវ-យាយកែវ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ទល់មុខបេនឡានផ្សារតាកែវ ដែលមានសភាពចាស់ទ្រុឌទ្រោម ត្រូវបានអាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ផ្លាស់ប្ដូទីតាំង ព្រមទាំងជួសជុលរូបសំណាកតាកែវយាយ-កែវនេះ ផងដែរ។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ មានថ្លែងថា មិនមានការសាងសង់រូបសំណាកតាកែវ-យាយកែវថ្មីនោះទេ អាជ្ញាធគ្រាន់តែធ្វើការជួសជុលរូបសំណាកចាស់ ដែលមានសភាពទ្រុឌទ្រោម ឲ្យល្អប្រសើរឡើងវិញ ព្រមទាំងរៀបចំសួនច្បារ កែលម្អសោភណ្ឌភាពល្អនៅកន្លែងតំកល់ រូបសំណាកតែប៉ុណ្ណោះ។
លោកបានបន្តថា សព្វថ្ងៃពិនិត្យឃើញមានប្រជាពលរដ្ឋ អ្នកលក់ដូរមិនសូវមានសណ្តាប់ នៅកន្លែងតំកល់រូបសំណាកតាកែវ-យាយកែវទេ ធ្វើឲ្យបាត់បង់សោភណ្ឌភាព និងនាំឲ្យពិបាកដល់ប្រជាពលរដ្ឋ មកគោរពបូជារូបសំណាកតាកែវ-យាយកែវ ហេតុដូច្នោះហើយ បានជាអាជ្ញាធខេត្ត រៀបចំជួសជុលកែលម្អសារជាថ្មី។
ចំពោះថវិកាចំណាយលើការសាងសង់សួនច្បា និងជួសជុលរូបសំណាកតាកែវ-យាយកែវ ត្រូវបានលោក អ៊ូច ភា អះអាងថា គឺអាជ្ញាធរមិនបានយកថវិកាជាតិ យកមកធ្វើនោះទេ។ ថវិកានៃគម្រោងនេះ បានមកពីការរៃអង្គាស ពីប្រជាពលរដ្ឋនៅក្នុងខេត្ត និងសប្បុរសជននានា ដោយប្រមូលថវិកាបានជាង៣ម៉ឺនដុល្លារអាមេរិក សម្រាប់គម្រោងនៃការសាងសង់សួនច្បារ និងការជួសជុលរូបសំណាកតាកែវយាយកែវនេះ។
បើតាមលោកអភិបាលខេត្តតាកែវ នៅក្នុងគម្រោងជួសជុល និងផ្លាស់ទីតាំងរូបសំណាកតាកែវ-យាយកែវនេះ មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ យ៉ាងផុលផុសផងដែរ តាមរយៈការបង្ហោះការគាំទ្រ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
ម្យ៉ាងទៀតការផ្លាស់ប្តូរទីតាំងនេះ ក៏ដើម្បីឲ្យមានភាពទូលាយ ងាយស្រួល ដល់ប្រជាពលរដ្ឋធ្វើដំណើរទៅមក និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ មកគោរពបូជារូបសំណាកនេះផងដែរ៕