(ព្រះវិហារ)៖ ចាត់ទុកជាសំណាងមួយ ក្នុងមួយលានគ្រោះថ្នាក់ ដែលប្រជាពលរដ្ឋ៣នាក់ បានរួចជីវិតពីហេតុការណ៍ផ្ទុះមីនតោនដ៏កក្រើកមួយ ខណៈដែលពួកគាត់ កំពុងបរគោយន្តកន្ត្រៃយ៍ទៅចំាការ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចវាលចៀស ក្នុងភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ត្រី ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានបើកគោយន្តទៅចំការដូចសព្វដង នៅតាមគន្លងផ្លូវចាស់ ប៉ុន្តែដល់ចំណុចកើតហេតុ មិនដឹងជាមូលហេតុអ្វី ស្រាប់តែគោយន្តបានជាន់មីនតោន បណ្តាលឲ្យផ្ទុះកក្រើកឡើង បណ្តាលមនុស្ស២នាក់រងរបួស និងម្នាក់ទៀតដែលជាអ្នកបើក បរគោយន្ត មិនមានរងរបួសទេ ចំណែកគោយន្ត បានរងការខូចខាតផ្នែកខាងក្រោយស្ទើរទាំងស្រុង។ ក្រោយហេតុការណ៍កើតឡើង ជនរងគ្រោះ២នាក់ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។

លោកអធិការស្រុក បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋទាំង៣នាក់ ដែលរងនូវការផ្ទុះមីនតោន រួមមាន៖ ឈ្មោះ ទិត្យ រឹទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិគូលែន ឃុំគូលែន ស្រុកគូលែន រងរបួសស្រាល, ឈ្មោះ កឹម សុភក្ត្រ័ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅស្រុកគូលែន រងរបួសស្រាល, និងឈ្មោះ ភឿន សុភាព ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាអ្នកបើកគោយន្ត មិនមានរងរបួសទេ។

ទាក់ទងនឹងហេតុការណ៍ផ្ទុះមីនតោននេះ លោកអធិការស្រុក បានធ្វើការសន្និដ្ឋានថា អាចបណ្តាលមកពីគោយន្តជាន់ ត្រូវផ្កាចាន់របស់មីនតោន ទើបបណ្តាលឲ្យផ្ទុះបែបនេះ។ លោកថាបើជាន់ខុសផ្កាចាន់ ទោះជាន់ត្រូវកន្លែងផ្សេងក៍៏មិនផ្ទុះដែរ។ តែទោះជាយ៉ាងណា លោកថានេះជាសំណាងមួយក្នុងចំណោមមួយលានគ្រោះថ្នាក់ ដែលជនរងគ្រោះអាចរួចជីវិតពីហេតុការណ៍ដ៏រន្ធត់នេះ។

លោកវេជ្ជបណ្ឌិត សុក វាសនា ប្រធានមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង២នាក់ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយហេតុការណ៍ផ្ទុះមីន គឺមានម្នាក់រងរបួសធ្ងន់ ដោយសារគាត់ស្ពឹកខ្លួនមួយកំណាត់ក្រោម ដែលករណីនេះ លោកសន្និដ្ឋានថា បណ្តាលមកផ្ទុះមីនបណ្តាលឲ្យប៉ើងគាត់ទៅលើ ហើយធ្លាក់មកវិញអុកគូថ ទើបគាត់មានអាការៈបែបនេះ ប៉ុន្តែសភាពខាងក្រៅរបស់គាត់ហាក់បីដូចធម្មតា។ ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ ក្នុងការតាមដានជំងឺនេះ លោកថាបើសិនជាមានការធ្វេសប្រហែស អាចនឹងនាំឲ្យពិការអស់មួយជីវិត៕