(ក្រចេះ)៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ដកាមរីបាឡែន បោះពួយចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យបុកម៉ូតូ១គ្រឿង និងរថយន្ដ១គ្រឿងទៀត ចតនៅក្នុងសំយ៉ាបផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋទាំងកណ្ដាលអាធ្រាត។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវលេខ៧៣ (ក្រចេះ ខ្លាស្ទះ) កែងហាងម្លុបឃ្លឿ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។

នគរបាលប៉ុស្តិ៍ក្រចេះ បានឱ្យដឹងថា អ្នកបើកបរថយន្ដបង្កឈ្មោះ ឃាង សុខលី អាយុ៥៥ឆ្នាំ រស់នៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ បើកបររថយន្ដម៉ាកកាមរីបាឡែនពណ៍ស្ករ ផ្លាកលេខភ្នំពេញ 2Z 2751 បើកបរក្នុងទិសដៅពី ត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ ចំសសរសំយ៉ាបផ្ទះចំហៀងចំនួន២ដើម និងជ្រុលទៅបុកម៉ូតូ១គ្រឿង រថយន្ដ១គ្រឿង ដែលចតទុកចំហៀងផ្ទះ នៅចំណុចកែងហាងម្លុបឃ្លឿ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។

នគរបាលរូបនោះបន្តទៀតថា អ្នកបើកបររថយន្ដបង្ក រងរបួសបានយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន (ឆ្នាំងពីរ)ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ រងចាំដោះស្រាយតាមផ្លូវច្បាប់៕