(ពោធិ៍សាត់)៖ ក្រុមការងារចម្រុះដឹកនាំដោយលោកអភិបាលស្រុកវាលវែង ដោយមានការចូលរួមពីអាជ្ញាធរឃុំ រដ្ឋបាលជលផល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ មន្ត្រីបរិស្ថាន និងអង្គការ Wildlife Alliance នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានសម្រេចយកក្រពើដែលប្រជាពលរដ្ឋដាក់មងជាប់ ទៅព្រលែងនៅកន្លែងដើមវិញ ក្រោយមានការសំណូមពរយ៉ាងទទូចពីប្រជាពលរដ្ឋ និងអាជ្ញាធរឃុំ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងស្ទឹងមេទឹក ដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានបុរសម្នាក់បានភ្ញាក់ផ្អើល និងភ័យរន្ធត់យ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសត្វក្រពើភ្នំ ដ៏ធំមួយក្បាល ជាប់មងរបស់គាត់ ដែលបានដាក់យកត្រីក្នុងស្ទឹងមេទឹក។
ប្រជាពលរដ្ឋដែលបានដាក់មងយកត្រីនៅស្ទឹកមេទឹក ឈ្មោះ មឿន មីន បានថ្លែងឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ រូបគាត់បានទៅរាយមងរកត្រី នៅចំណុចកើតហេតុខាងលើ រួចក៏ទៅសម្រាកនៅផ្ទះបាត់ លុះពេលព្រឹកឡើង រូបគាត់ក៏ភ្ញាក់ពីដេកទៅដោះមង ភ្លាមនោះ ក៏ប្រទះឃើញមងជាប់សត្វម៉្យាងដែលមានសភាពរើបម្រាស់ខ្លាំង ក៏លើកទាញឡើងប្រទះឃើញ ជាប់សត្វក្រពើដ៏ធំមួយក្បាល រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ លើកក្រពើមួយក្បាលនោះ មករក្សាទុកនៅទីបញ្ជាការវរការពារព្រំដែនគោកលេខ៨២៥។
បុរសរូបនោះ បានឱ្យដឹងទៀតថា តាំងពីលោកប្រកបរបរដាក់មងរកត្រីនៅចំណុចស្ទឹងខាងលើ មិនដែលបានប្រទះឃើញសត្វក្រពើនោះឡើយ តែធ្លាប់តែលឺតៗគ្នាថា ស្ទឹងមេទឹកនេះ មានធនធានជីវចម្រុះជាច្រើនរាប់ទាំងសត្វក្រពើ ត្រី កន្ធាយ...ផងដែរ។
បើតាមក្រុមការងារចម្រុះខាងលើ បានឲ្យដឹងថា ក្រពើភ្នំមួយក្បាលនោះ ខាងអង្គការWildlife Alliance ធ្លាប់បានព្រលែងម្តងរួចមកហើយ ដោយធ្លាប់បានកាត់កន្ទុយចំណាំ ហើយច្ចុប្បន្នមានបណ្តោយ ២.៩៣ម៉ែត្រ និងមានទម្ងន់រហូត ១៧០គីឡូក្រាមឯណោះ។
បច្ចុប្បន្នសត្វក្រពើនេះ ត្រូវបានព្រលែងចូលក្នុងស្ទឹងឆាយតាម៉េត (ស្ទឹងមេទឹក) ក្នុងដែនជំរកសត្វព្រៃភ្នំសំកុសវិញ និងបានផ្តល់ជាថវិកាលើកទឹកចិត្ត ដល់ពលរដ្ឋដែលចាប់បានចំនួន៦០០ដុល្លារ ក្នុងនោះថវិការបស់ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ២០ម៉ឺនរៀល ថវិការបស់លោកអភិបាលស្រុកវាលវែង ១០ម៉ឺនរៀលថវិការបស់វរៈសេនាតូចនគរការពារព្រំដែនគោកលេខ៨២៥ ចំនួន១០ម៉ឺនរៀល និងក្រុមហ៊ុនចិន៥០០ដុល្លារ៕