(កំពង់ធំ)៖ ដើម្បីឱ្យសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ ដែលតម្រូវឱ្យមន្ត្រីបន្តឆ្ពោះងាកទៅកាន់មូលដ្ឋានទ្វេរដងថែមទៀតនោះ នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយលោក ប៉ែន វណ្ណរិទ្ធ ប្រធាន ក.១៥៧ ខេត្តកំពង់ធំ បានដឹកនាំសហការី អញ្ជើញទៅប្រគល់ផ្ទះថ្មី ដែលទើបសាងសង់រួចជូនគ្រួសារស្ត្រីមេម៉ាយទុរគត នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ដោយពិនិត្យឃើញថា អ្នកស្រី អ៊ុន សុត ជាស្ត្រីមេម៉ាទុរគតរកព្រឹកខ្វះល្ងាច ហើយត្រូវបានប្តីបោះបង់ចោលជាយូរណាស់មកហើយ ថែមទាំងបន្សល់ទុកកូនចំនួន៥នាក់ ឲ្យគាត់រ៉ាប់រងចិញ្ចឹមថែមទៀត។ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានសម្រេចចិត្តផ្តួចផ្តើមរកសប្បុរសជួយឧបត្ថម្ភ ដើម្បីសាងសង់ផ្ទះជូនស្ត្រីមេម៉ាយឈ្មោះ អ៊ុន សុត នោះផងដែរដោយបច្ចុប្បន្នរស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ផ្ទះថ្មីនេះមានទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ សាងសង់អំពីឈើខ្ពស់ផុតពីដីដំបូល និងជញ្ជាំងស័ង្កសី ក្រាលក្តារ ជណ្តើរកាច់ ព្រមទាំងគ្រឿងឈើ និងសម្ភារមួយចំនួនទៀត សម្រាប់ផ្តល់ឱ្យគាត់បន្តធ្វើផ្ទះបាយ ប្រវែង២ម៉ែត្រx៤ម៉ែត្រ បន្ថែមទៀត ដែលសរុបទឹកប្រាក់ក្នុងការសាងសង់ចំនួន៤,៣០០,០០០ រៀល (គិតទាំងថ្លៃឈ្នួលជាងផងដែរ)។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរដល់ បងប្អូនប្រជាជនទាំងអស់ ដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការអញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ និងបានបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឱ្យឆ្ពោះទៅកាន់ត្រើយសន្តិភាព រួមនឹងការអភិវឌ្ឍ កាន់តែរីកចម្រើនថែមទៀត។ លោកក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមគ្រួសារអ្នកស្រី អ៊ុន សុត ឱ្យចេះថែទាំសុខភាព ដូចជា ការបរិភោគ អាហារ ទឹកស្អាត សម្រាកក្នុងមុង អនាម័យខ្លួនប្រាណ ជៀសវាងបង្កឱ្យយើងមានជំងឺផ្សេងៗ។
ក្នុងឱកាសប្រគល់ផ្ទះថ្មីនេះដែរ លោក សោម ស៊ុន និងក្រុមការងារ ពិសេសលោក ប៉ែន វណ្ណរិទ្ធ និងភរិយា បានរួមគ្នាជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគបន្ថែមទៀតរួមមាន៖ អង្ករ ៥០គីឡូក្រាម មីយើង ២កេះ ទឹកត្រីទឹកស៊ីអ៊ីវ ០២យួរ ត្រីខ ១យួរ មុងជ្រលក់ថ្នាំ០២ ធុងសម្រាប់ដាក់ទឹកចំណុះ១២០លីត្រ១ កន្ទេល២ កង់១គ្រឿងតម្លៃ ២២០,០០០ រៀល និងថវិកាចំនួន ៤០០,០០០ រៀលផងដែរ។
អាជ្ញាធរ ប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារអ្នកស្រី អ៊ុន សុត មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង រកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយមិននឹកស្មានថា នឹងមានផ្ទះថ្មីរស់នៅនឹងគេឡើយ៕