(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយឯក លឹម សុខារស្មី បានអំពាវនាវដល់ក្រុមហ៊ុនសន្ដិសុខឯក សហគ្រាស និងគ្រឹះស្ថានទាំងអស់ មុននឹងជ្រើសរើសភ្នាក់ងារសន្ដិសុខឲ្យចូលបម្រើការងារ ត្រូវពិនិត្យមើលប្រវត្តិរូបឲ្យបានច្បាស់លាស់ ព្រោះខ្លាចក្រែងរងគ្រោះដោយសារបុគ្គលិកទៅប្រព្រឹត្តអំពើខុសច្បាប់ជាដើម។
សារអំពាវនាវរបស់ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលជាសេនាធិការជូនអគ្គស្នងការដ្ឋាននគរបាលជាតិ បែបនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៧ ក្រោយមានការឯកភាពពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ ទៅលើសាវតា ប្រវត្តិរូបរបស់បុគ្គលិកម្នាក់ៗ មុននឹងសម្រេចចិត្តជ្រើសរើសឲ្យចូលបម្រើការងារ ព្រោះខ្លាចក្រែងប៉ះចំបុគ្គលិកដែលមានប្រវត្តិមិនល្អ ជាហេតុនាំឲ្យមានគ្រោះថ្នាក់ដល់ក្រុមហ៊ុន»។
បើតាមការលើកឡើងរបស់លោកប្រធាននាយកដ្ឋានរូបនេះ មានជនខិលខូចមួយចំនួន បានជ្រកក្រោមស្លាកជាសន្ដិសុខឯកជន បានប្រព្រឹត្តបទល្មើសដោយផ្ទាល់ និងសមគំនិតជាមួយឧក្រិដ្ឋជន ប្រព្រឹត្តបទល្មើស ជាហេតុបង្កឲ្យមានហានិភ័យ ដល់គោលដៅសំខាន់ៗ និងងាយរងគ្រោះបំផុត នៅតាមគ្រឹះស្ថានឯកជន ដែលមានភ្នាក់ងារសន្ដិសុខឯកជនឈរជើង ទោះបីក្រុមហ៊ុនភាគច្រើនមានការគ្រប់គ្រងបានល្អក្ដី ប៉ុន្ដែក៏ទទួលរងគ្រោះ ដោយសារបុគ្គលិកសន្ដិសុខមួយចំនួនផងដែរ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានគូសបញ្ជាក់ថា នាពេលថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានស្រាវជ្រាវបង្ក្រាបបាននូវភ្នាក់ងារសន្ដិសុខឯកជន ចំនួន០៨នាក់ ដែលប្រើប្រាស់អាវុធខុសច្បាប់ ដោយក្លែងខ្លួនជានគរបាលជាតិ និងយោធិនឈរជើងនៅតាមបណ្ដាធនាគារ និងគ្រឹះស្ថានមួយចំនួន។
លោកបានសង្កត់ធ្ងន់ថា ភ្នាក់ងារសន្ដិសុខឯកជន គ្មានសិទ្ធិប្រើប្រាស់អាវុធជាតិផ្ទុះជាដាច់ខាត ហើយក្រុមហ៊ុនសន្ដិសុខឯកជនផ្ដល់សេវា និងសហគ្រាសគ្រឹះស្ថាន មិនអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងប្រដាប់អាវុធ (នគរបាល, កងរាជអាវុធហត្ថ, យោធិន) ដែលមិនទាន់ចូលនិវត្តន៍ មកឈរជើងតាមគោលដៅរបស់ខ្លួន ដោយគ្មានលិខិតស្នាម ឬគ្មានការអនុញ្ញាតពីអង្គភាពសាមីនោះឡើយ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានណែនាំ និងជំរុញឲ្យបណ្ដាក្រុមហ៊ុនសន្ដិសុខឯកជនទាំងអស់ គួរតែបញ្ជូនភ្នាក់ងាររបស់ខ្លួន ឲ្យមកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដើម្បីឲ្យភ្នាក់ងាររបស់ខ្លួនទទួលបាននូវបទពិសោធន៍ និងចំណេះផ្សេងៗ ដើម្បីបង្កើនសមត្ថកិច្ចបន្ថែមទៀត។
សូមជម្រាបថា កន្លងមកនេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន បានចំនួន៦វគ្គរួចមកហើយ ដោយសង្កេតឃើញថាភ្នាក់ងារសន្ដិសុខឯកជន ដែលទទួលបានការបំប៉ន និងសិក្សារួចមកហើយ ពួកគាត់បានយល់យ៉ាងច្បាស់អំពីតួនាទី ភារកិច្ច និងការចូលរួមថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាយល់ដឹងពីច្បាប់ និងក្រមសីលធម៌ច្បាស់លាស់ផងដែរ៕