Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូរស័ព្ទទៅលេខ «៣២១» ដើម្បីទទួលបានសេវាផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

27-09-2018 11:43

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា​ សហការជាមួយអង្គការ Good Return, ក្រុមហ៊ុន Viamo និងក្រុមហ៊ុន Cellcard ដាក់ឲ្យដំណើរការសេវាចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយផ្អែកលើប្រធានបទចំនួន៣។ ដើម្បីទទួលបានសេវាចំណេះដឹងនេះ សាធារណជនទាំងអស់ គ្រាន់តែហៅទៅកាន់លេខ «៣២១» សម្រាប់គ្រប់ប្រព័ន្ធទូរស័ព្ទចល័តនៅកម្ពុជា។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ថា «ធនាគារជាតិនៃកម្ពុជា ប្ដេជ្ញាលើកកម្ពុស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជាតាមរយៈមធ្យោបាយជាច្រើន ដែលក្នុងនោះសេវា ៣២១ ជាគំនិតផ្ដួចផ្ដើមបន្ថែមទៀត ក្នុងការផ្ដល់ដំបូន្មានសំខាន់ៗលើផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជា»។

លោកបានឲ្យដឹងទៀតថា ធនាគារជាតិនៃកម្ពុជាសូមកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួម និងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់សម្រាប់គម្រោងនេះ។

សូមបញ្ជាក់ថា សេវាកម្ម «៣២១» ត្រូវបានដាក់ឲ្យដំណើរការដោយក្រុមហ៊ុន Viamo និងក្រុមហ៊ុន Cellcard តាំងពីឆ្នាំ២០១៦​ ដែលជាសេវាជួយឲ្យប្រជាជនទទួលបានព័ត៌មាន គួរឲ្យទុកចិត្តតាមរយៈទូរស័ព្ទចល័តលើប្រធានបទជាច្រើន និងជាភាសាខ្មែរ។ ប្រជាជនដែលប្រើប្រាស់ប្រព័ន្ធ Cellcard អាចប្រើសេវានេះដោយឥតគិតថ្លៃ ហើយសម្រាប់ប្រព័ន្ធទូរស័ព្ទផ្សេងទៀតអាចប្រើប្រាស់សេវានេះ ក្នុងតម្លៃហៅចេញធម្មតា។

លោក Shane Nichols អគ្គនាយករបស់អង្គការ Good Return បានឲ្យដឹងថា «សារប្រកបដោយសារៈប្រយោជន៍នេះ ត្រូវបានបង្កើតឡើងសម្រាប់សហគមន៍ ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ហើយខ្ញុំមានសេចក្ដីរីករាយក្នុងការបន្ដកិច្ចសហការជាមួយធនាគារជាតិលើគំនិតផ្ដួចផ្ដើមនានា ក្នុងការលើកម្ពស់សិទ្ធិប្រជាជនកម្ពុជាដែលជាអតិថិជនក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលកំពុងរីកចម្រើនឥតឈប់ឈរនេះ»។​

លោក Lan Watson អគ្គនាយកក្រុមហ៊ុន Cellcard បានឲ្យដឹងថា «ការអប់រំផ្នែកហិរញ្ញវត្ថុរួមបញ្ជូលគ្នាជាមួយបច្ចេកវិទ្យាទូរស័ព្ទចល័ត អាចជះឥទ្ធិពលយ៉ាងខ្លាំងចំពោះប្រជាជនដែលរស់នៅក្រោមបន្ទាត់ក្រីក្រ ហើយនេះជាមូលហេតុដែលក្រុមហ៊ុន Cellcard ផ្ដោតការយកចិត្តទុកដាក់លើការផ្ដល់ជូន សេវាទូរស័ព្ទជូនប្រជាជនកម្ពុជា តាមរយៈសេវាដែលមានតម្លៃទាប ព្រមទាំងទទួលបានយកបានដោយមិនគិតប្រាក់ចំណូល ចំណេះដឹង និងទីតាំង»