(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន និងបក្ខពួកម្នាក់ ដោយដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកក បានជាង១គីឡូក្រាម នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សេចក្ដីរាយការណ៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការជាបន្ដបន្ទាប់នេះ បានធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា ទំហំឈានដល់ការចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែននេះ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកសៀមប៉ាង បានប្រើប្រាស់រយៈពេល២ថ្ងៃ និងត្រូវឆ្លងកាត់ផ្លូវយ៉ាងលំបាកទៅកាន់ស្រុកសៀមប៉ាង ដោយនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះជុំ ណាវណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង។ ក្នុងនោះកម្លាំងជំនាញ ដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ice) ០១កញ្ចប់ធំ ស្មើនឹងទម្ងន់១០២៨,៦ក្រាម និងទូរស័ព្ទដៃ១គ្រឿង។
ឆ្លងតាមការសួរនាំ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអាវុធហត្ថជំនាញ បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ សាំ ញ៉ង ភេទស្រី នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាមេក្លោងរកស៊ីជួញដូរគ្រឿងញៀនឆ្លងដែន។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងឃាត់ និងរក្សាទុកក្នុងអង្គភាព ដើម្បីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី៕