Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លិខិតមិត្តអ្នកអានពីសហរដ្ឋអាមេរិក៖ ទីបំផុតយុត្តិធម៌មានហើយសម្រាប់អំពើល្អ !

26-09-2018 23:16

(សហរដ្ឋអាមេរិក)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បណ្តាញព័ត៌មាន Fresh News បានទទួលលិខិតពីមិត្តអ្នកអានម្នាក់ ដែលបានដល់សហរដ្ឋអាមេរិក មុនពេលការអញ្ជើញទៅដល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមប្រជុំអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។ រូបគេបានឃើញ និងស្តាប់ឮនូវការលើកឡើងរបស់ប្រជាពលរដ្ឋខ្មែរនៅតាមផ្សារ ក្នុងសហរដ្ឋអាមេរិក ដែលការលើកឡើងនេះ បានផ្តល់យុត្តិធម៌ដល់អំពើល្អរបស់សម្តេចតេជោ ហ៊ុន សែន។

លិខិតមិត្តអ្នកអាននេះមានខ្លឹមសារទាំងស្រុងដូចតទៅ៖ ព័ត៌មាននៃការអញ្ជើញចូលរួមប្រជុំអង្គមហាសន្និបាតសហប្រជាជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងជាពិសេសការចំណាយពេលវេលាដ៏មមាញឹក របស់សម្តេចដើម្បីជួបសំណេះសំណាលជាមួយបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក នាចុងសប្តាហ៍នេះជាដំណឹងកំពុងពេញនិយម និងជាទីចាប់អារម្មណ៍ របស់បងប្អូនខ្មែរនៅសហរដ្ឋ គ្រប់និន្នាការនយោបាយ ។

ឆ្លៀតក្នុងឱកាសដែលខ្ញុំមានធុរៈផ្ទាល់ខ្លួនមកអាមេរិកដែរ ហើយខ្ញុំបានទៅផ្សារខ្មែរ នារសៀលថ្ងៃនេះ ខ្ញុំបានជួបនិងឮបងប្អូនខ្មែរ គាត់ជជែកគ្នាអំពីដំណើររបស់សម្តេចតេជោ ហ៊ុន សែន មកកាន់អាមរិក។ នៅចម្ងាយពីគ្នាប្រមាណ២ ឬ ៣ម៉ែត្រ អ្នកខ្លះរើសត្រី អ្នកខ្លះរើសបន្លែ តែមាត់ មិនភ្លេចជជែកគ្នាអំពីប្រធានបទកំពុងពេញនិយមនេះឡើយ។

គ្រប់គ្នាស្តាប់ទៅគឺបានយល់ច្បាស់ពីការពិត និងគុណតម្លៃមិនអាចបំភ្លៃបានតទៅទៀត ដែលសម្តេចតេជោ និងរាជរដ្ឋាភិបាលសម្រេចបាន។ មានអុំប្រុសម្នាក់ដៃកាន់ឈើច្រត់ (ទំនងជាគាត់ធ្លាប់គាំទ្រគណបក្សសង្រ្គោះជាតិ) និយាយថា មានគេមកបបួលគាត់ទៅធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេច និងគណៈប្រតិភូខ្មែរ ចុងសប្តាហ៍នេះហើយតម្រូវឱ្យគាត់បង់ប្រាក់ មួយចំនួន តែគាត់បដិសេធដោយគាត់និយាយថា «ឈប់ជឿហើយ ពួកបោក ពួកអារ៉ៃលុយដាក់ហោប៉ៅ» គ្រប់គ្នាសើចគឹលពេលឮគាត់និយាយ។ បន្ទរពីក្រោយដោយបងស្រីម្នាក់ កំពុងរើសផ្លែល្ហុង «ពូអ្ហើយ ពួកអារ៉ៃលុយហ្នឹង ឮថាមានចម្ការម្រេច ចម្ការចេក ផ្ទះថ្ម ក្នុងបុរី អីហ្នុង ឡូយផស់គេណាស់»។ អ៊ុស្រីអាយុខ្ទង់ជាង៧០ឆ្នាំ អមដំណើរដោយស្រ្តីម្នាក់ ប្រហែលជាកូន ឬចៅ និយាយក្នុងសំឡេងមិនសូវច្បាស់ «កាលមុនបោះឆ្នោត កូនវាតឿនឱ្យទៅនៅស្រុកខ្មែរវិញ សន្យាថាចាំបោះឆ្នោតហើយសិន ក្រែងស្រុកម៉េចម៉ា... ឡូវជឿវាអ្ហើយ ទៅចុងច្នាំហ្នឹងហើយ»

តាមការឃើញ និងស្តាប់ឮនេះ និងក្នុងនាមជាខ្មែរម្នាក់ដែរ ខ្ញុំផ្តល់ឱ្យខ្លួនឯងនូវស្នាមញញឹមពិតពីបេះដូង និងក្តីរំភើបក្រៃលែងស្ទើរអួលដើមករ។ ទីបំផុតយុត្តិធម៌មានហើយសម្រាប់ អំពើល្អ។ សូមអបអរសាទរ និងសូមស្វាគមន៍សម្តេច ពីរដ្ឋវ៉ាស៊ីនតោន និងសូមឆ្លៀតឱកាសនេះ គោរពជូនពរសម្តេចតេជោ ពីចម្ងាយ រួមទាំងគណៈប្រតិភូសូមបន្តទទួលបានជោគជ័យ លើគ្រប់ភារកិច្ច៕