(ភ្នំពេញ)៖ ខណៈពិភពលោកកំពុងលិចឡើងនូវការវិវត្តថ្មីមួយទៀត គឺបដិវត្តឧស្សាហកម្មជំនាន់ទី៤នោះ កម្ពុជាក៏ជាប្រទេសដែលកំពុងអភិវឌ្ឍខ្លួន ឱ្យទាន់នឹងការប្រែប្រួលជាលក្ខណៈសកលមួយនេះដែរ ដូច្នេះហើយបានជានៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ ក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធវិនិយោគិន បានកំណត់នូវទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនរួចជាស្រេច ដើម្បីអនុវត្តការងារឱ្យស្របនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ឬឌីជីថលូបនីយកម្មនេះ។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធវិនិយោគិន លើកទី៣នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក សួន រិន្ទឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគម នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារហាយស្កាយ ស្ថិតនៅខណ្ឌជ្រោយចង្វា។
លោកបណ្ឌិត ឡី សុភាព ប្រធាននាយកប្រតិបត្តិនៃសមាគមសហព័ន្ធវិនិយោគិន បានឱ្យដឹងនៅក្រោយបញ្ចប់កិច្ចប្រជុំខាងលើថា ក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធវិនិយោគិន បានបូកសរុបនូវលទ្ធផលការងារជាច្រើន ដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងបានពិភាក្សា និងពិគ្រោះយោបល់លើការងារមួយចំនួនរវាងថ្នាក់ដឹកនាំ និងសមាជិកសមាគម ពិសេគឺបានកំណត់នូវទិសដៅការងារអនុវត្តបន្ត នៅពេលបន្តបន្ទាប់ទៀត។
លោកបណ្ឌិត ឡី សុភាព បានបញ្ជាក់ថា ទិសដៅការងារទាំងប៉ុន្មាននេះ គឺសុទ្ធតែស្របតាមគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងនាំមកនូវវឌ្ឍភាពសម្រាប់ជាតិ ព្រមទាំងកិត្យានុភាព និងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ដោយសមាគមសហព័ន្ធវិនិយោគិន បានផ្តោតសំខាន់លើវិស័យវិនិយោគ និងសេដ្ឋកិច្ច ដែលជាផ្នែកដ៏ចាំបាច់បំផុតមួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
លោក សួន រិន្ទឌី លើកឡើងថា សមាគមសហព័ន្ធវិនិយោគិន បានកំណត់នូវយុទ្ធសាស្ត្រការងារមួយចំនួនជាចាំបាច់ ទាក់ទងទៅនឹងការវិវត្តជាលក្ខណៈសកលថ្មីមួយ ដែលពិភពលោកទើបតែពើបប្រទះនាពេលកន្លងមក នោះគឺបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលពាក់ព័ន្ធស្ទើរតែទាំងស្រុងទៅលើប្រព័ន្ធ «ឌីជីថលូបនីយកម្ម» ខណៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏កំពុងយកចិត្តទុកដាក់ខ្លាំងលើបញ្ហានេះផងដែរ។
លោក សួន រិន្ទឌី បានថ្លែងបន្តថា ដោយសាររហូតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយហើយនោះ សមាគមសហព័ន្ធវិនិយោគិន ក៏បានគិតគូរយ៉ាងល្អិតល្អន់ចំពោះកិច្ចការនេះផងដែរ ហើយក៏បានដាក់ចូលក្នុងយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់ខ្លួនផងដែរ។
ចំពោះលទ្ទផលការងារដែលបានអនុវត្តកន្លងមក គឺសមាគមសហព័ន្ធវិនិយោគិនបានសម្រេចនូវការងារជាច្រើន ដូចជា ការបណ្ដុះបណ្ដាល អប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងអំពីនីតិវិធីច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាវិធាននានា ដល់សមាជិករបស់ខ្លួន ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងសុខាភិបាលនៅទូទាំងប្រទេស ការចូលរួមទប់ស្កាត់ផលិតផលក្លែងក្លាយ ផលិតផលមិនស្របច្បាប់ ពិសេសគឺបានចូលរួមជំរុញយ៉ាងផុសផុលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យសុខាភិបាល ព្រមទាំងវិស័យពាក់ព័ន្ធនានាផងដែរ។
បើតាមលោក សួន រិន្ទឌី អ្វីដែលពិសេសជាងនេះទៀតនោះ សមាគមសហព័ន្ធវិនិយោគិន ក៏បានគាំទ្រនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ខណៈប្រទេសកម្ពុជា និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកំពុងទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញលេញ ដែលជាកត្តដ៏ចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិទាំងមូល៕