(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី២៦ ខែកញ្ញានេះ បានចេញសេចក្ដីអំពាវនាវស្ដីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងន័យទទូចឱ្យសាធារណជនបើកបរដោយការគោរពច្បាប់ ក្នុងឱកាសពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។
បើតាមសេចក្ដីអំពាវនាវ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ អនុវត្តតាមការណែនាំដូចខាងក្រោម៖
១៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មុនពេលចេញដំណើរ ពិសេសត្រួតពិនិត្យកង ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺជាដើម។
២៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវឱ្យពួកគេជិះលើដំបូល ពិសេសសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនោះ។
៣៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ឬត្រីចក្រយានយន្ត។
៤៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច។
៥៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្ដាំជានិច្ច។
៦៖ មិនត្រូវបើកលើសល្បឿងកំណត់ជាដាច់ខាត។
៧៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។
៨៖ មិនត្រូបត់ ឬវ៉ាជែងក្នុងស្ថានភាពប្រថុយប្រថាន ឬធ្វេសប្រហែសជាដាច់ខាត។
៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ៕
ខាងក្រោមនេះ ជាសេចក្ដីអំពាវនាវរបស់សម្ដេចក្រឡោហោម ស ខេង៖