(ភ្នំពេញ)៖ អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានចេញលិខិតមួយអញ្ជើញ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ឲ្យចូលរួមប្រជុំ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ បន្ទាប់ពីលោកបានធ្វើលិខិតសុំអន្តរាគមន៍ ដើម្បីទាមទារយកគណបក្សអំណាចខ្មែរ មកគ្រប់គ្រងវិញ។
យោងតាមលិខិតអញ្ជើញរបស់ក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអញ្ជើញលោក សួន សេរីរដ្ឋា ដើម្បីចូលរួមប្រជុំ អំពីពាក្យស្នើសុំអន្តរាគមន៍មកក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការដឹកនាំគណបក្សអំណាចខ្មែរ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ កាលបរិច្ឆេទថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥៖០០រសៀល»។
ក្រៅពីលោក សួន សេរីរដ្ឋា ក្រសួងមហាផ្ទៃក៏បានអញ្ជើញលោក ប៊ែន សាប អតីតអនុប្រធានគណបក្សអំណាចខ្មែរ ឲ្យទៅចូលរួមប្រជុំ នៅថ្ងៃស្អែកនេះផងដែរ អំពីលិខិតស្នើសុំអន្តរាគមន៍ ពាក់ព័ន្ធនឹងការក្លែងលិខិតលាលែងពីតួនាទី ជាអនុប្រធានគណបក្សអំណាចខ្មែររបស់លោក។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមសមាជិកគណៈអចិន្រ្តៃយ៍ សមាជិកក្រុមប្រឹក្សាតំណាងខេត្ត-រាជធានី នៃគណបក្សអំណាចខ្មែរ បានស្នើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និរាករណ៍ ឯកសារ លិខិតស្នាម ក្លែងក្លាយរបស់ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរថ្មី និងបក្ខពួក ដែលបានដាក់ទៅក្រសួងមហាផ្ទៃ នាពេលកន្លងទៅ ដោយចោទថា អ្វីដែល លោក សួង សុភណ្ឌ និងបក្ខពួក ដាក់ជូនក្រសួងមហាផ្តៃនោះ ជាល្បិចដើម្បីគ្រប់គ្រងគណបក្សនេះទាំងមូល។
ក្នុងលិខិតស្នើទៅសម្តេចក្រឡាហោម ស ខេង ក្រុមសមាជិកគណៈអចិន្រ្តៃយ៍ នៃគណបក្សអំណាចខ្មែរ បានអះអាងថា ពួកគេនៅតែទទួលស្គាល់ លោក សួន សេរីរដ្ឋា ជាប្រធានដឹកនាំស្របច្បាប់របស់ គណបក្សអំណាចខ្មែរដដែល។
ក្រុមសមាជិកអចិន្រ្តៃយ៍នៃគណបក្សសំខាន់មួយនេះ បានចាត់ទុកថា លោក សួង សុភ័ណ្ឌ បានភូតកុហករបស់ពួកគេ ដោយធ្វើលិខិតលាលែងក្លែងក្លាយ បន្លំហត្ថលេខាលោកសួន សេរីរដ្ឋា ដើម្បីធ្វើសមាជវិសមញ្ញ លួចប្លន់យកគណបក្សអំណាចខ្មែរទៅគ្រប់គ្រង។ ជាមួយនឹងការស្នើបែបនេះ ក្រុមសមាជិកអចិន្រ្តៃយ៍គណបក្សអំណាចខ្មែរ ក៏បានស្នើសម្តេចក្រឡាហោម ចាត់វិធានការចំពោះ លោក សួង សុភ័ណ្ឌ និងបក្ខពួក ទៅតាមផ្លូវច្បាប់ផងដែរ។
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ អនុប្រធានគណបក្សអំណាចខ្មែរ លោក ប៉ែន ស៊ាប ក៏បានធ្វើលិខិតមួយជូនសម្តេចក្រឡាហោម ស ខេង ដើម្បីឱ្យត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យចំពោះលិខិតលាលែង ពីបក្សរបស់លោកដែលត្រូវបាន លោក សួង សុភ័ណ្ឌ ដាក់ទៅក្រសួងមហាផ្ទៃ នាពេលកន្លងទៅ។
សម្រាប់លោក ប៉ែន ស៊ាប, លិខិតលាលែងរបស់លោកដែលលោក សួង សុភ័ណ្ឌ បានដាក់ទៅក្រសួងមហាផ្ទៃ កន្លងទៅគឺជាលិខិតក្លែងក្លាយ ដែលត្រូវបានគេបន្លំ ហត្ថលេខារបស់លោក ហើយលោកក៏មិនដែលបានលាលែងពី តួនាទីជាអនុប្រធានគណបក្សឡើយ៕