(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានលើកឡើងក្នុងវេទិកា «ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្មនៅកម្ពុជា» ថា នៅពេលនេះជាពេលវេលាដ៏ល្អ សម្រាប់ក្រុមហ៊ុនធំៗរបស់អាមេរិកធំ ក្នុងការសម្លឹងចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ស្របពេលដែលវិស័យកសិកម្មនៅកម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាងខ្លាំងនោះ។
ថ្លែងក្នុងវេទិការធុរកិច្ចក្នុងវិស័យកសិកម្ម លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា ក្រុមហ៊ុនអាមេរិកមានជំនាញបច្ចេកទេសល្អៗ គឺជារឿងដ៏ត្រឹមត្រូវណាស់ ដែលក្រុមហ៊ុនអាមេរិក នឹងជួយប្រទេសកម្ពុជា ក្នុងការប្រកួតប្រជែង នៅក្នុងទីផ្សារ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ វិស័យកសិកម្មរបស់កម្ពុជា មានការរីកចម្រើន ដូច្នេះសហរដ្ឋអាមេរិកមើលឃើញថា នៅពេលនេះក្រុមហ៊ុនរបស់កម្ពុជា គឺជាដៃគូដ៏ល្អ របស់សហរដ្ឋអាមេរិក។...ក្រុមហ៊ុនអាមេរិក គេសម្លឹងមើលដៃគូល្អៗរបស់គេ»។
គួរបញ្ជាក់ថា វេទិកា «ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្មនៅកម្ពុជា» ធ្វើឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ រយៈពេល២ថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីជួយឲ្យក្រុមហ៊ុនអាមេរិក មានការយល់ដឹងស៊ីជម្រៅទៅលើវិស័យកសិកម្ម ភ្ជាប់ទំនាក់ទំនងជាមួយភាគីកម្ពុជា ហើយស្វែងរកមើលអនាគតដៃគូវិនិយោគ និងពាណិជ្ជកម្ម។
ប្រតិភូក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន១៦ រួមមានក្រុមហ៊ុន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, និងក្រុមហ៊ុន Syngenta កំពុងស្វែងរកដៃគូពាណិជ្ជកម្មជាមួយកម្ពុជា។
ជាមួយគ្នានេះ នៅថ្ងៃទី២៦ ខែកញ្ញានេះដែរ លោក William Heidt ក៏បានដឹកនាំប្រតិភូក្រុមហ៊ុនអាមេរិកទាំង១៦ ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
ក្នុងទំនួបនោះ លោកឯកអគ្គរដ្ឋទូត William Heidt បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច និងវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាល សម្រេចបាននាពេលកន្លងមក ដែលការរីកចម្រើននេះ បានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច បានយ៉ាងល្អប្រសើរ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វាជាឱកាសដ៏ល្អ សម្រាប់វិស័យឯកជន របស់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុនក្នុងស្រុក ក្នុងការស្វែងរកដៃគូ សហការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម ការផ្គត់ផ្គង់សម្ភារកសិកម្ម គីមីឧស្សាហកម្ម គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាផ្សេងៗទៀត ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ លើការអនុវត្តបច្ចេកទេសសមស្រប តាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន កំណើនសេដ្ឋកិច្ច ពិសេសសមស្រប តាមស្តង់ដារកសិផលសម្រាប់ទីផ្សារនាំចេញ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ ពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា មានទឹកប្រាក់សរុបប្រមាណ ៣,៥០០លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំទំនិញទៅអាមេរិកមានទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលកម្ពុជាមានត្រឹមតែ៤០០លានដុល្លារប៉ុណ្ណោះ៕