(ភ្នំពេញ)៖ អង្គការវីអេសអូ កម្ពុជា និងអង្គការដៃគូអនុវត្តន៍គម្រោង រួមានអង្គការអភិវឌ្ឍន៍សមត្ថភាពសហគមន៍ (CCD), អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT), អង្គការមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការនៅកម្ពុជា (ICCO) បានចាប់ដៃគ្នារៀបចំប្រារព្វពិធីបង្ហាញសម្មិទ្ធិផល នៃការអនុវត្តគម្រោងរយៈពេលពីរឆ្នាំ លើការអភិវឌ្ឍជីវភាព និងធនធានជលផល ប្រកបដោយនិរន្តភាព និងបរិយាប័ន្ន នៅតំបន់បឹងទន្លេសាបប្រទេសកម្ពុជា ដែលរៀបចំឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្រុងភ្នំពេញ។
សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណ៨០នាក់ ដែលតំណាងពី រដ្ឋបាលជលផលថ្នាក់ជាតិ និងថ្នាក់ខេត្ត, តំណាងសហភាពអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា, អង្គការអនុវត្តន៍គម្រោងក្នុងវស័យជលផល, ដៃគូអភិវឌ្ឍន៍ដែលជាសមាជិក ក្រុមការងារបច្ចេកទេសវិស័យជលផល, គណកម្មាការសហគមន៍នេសាទ, សមាជិកសហគមន៍នេសាទ, អជ្ញាធរមូលដ្ឋាន, និងអង្គការជាតិ អន្តរជាតិនានា។
ជាមួយគ្នាផងដែរសិក្ខាសាលានេះ បានផ្តល់ឱកាសដល់ដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចែករំលែក របកគំហើញថ្មីៗ និងមេរៀនជាបទពិសោធន៍ដែលបានពីការអនុវត្តគម្រោង ព្រមទាំងបានពីសិក្ខាសាលាថ្នាក់ក្រោមជាតិ នាខេត្តកំពង់ធំ និងកំពង់ឆ្នាំងកន្លងមក។ សិក្ខាសាលាថ្ងៃនេះ បានការបង្ហាញផងដែរពីចំណាប់អារម្មណ៍ និងការឆ្លុះបញ្ចាំងពីសម្មិទ្ធិផលរបស់គម្រោង ពីសំណាក់អ្នកទទួលផលដោយផ្ទាល់ក្នុងសហគមន៍នេសាទគោលដៅ។ ហើយសិក្ខាសាលាបិទបញ្ចប់គម្រោង មានគោលបំណងប្រកាសផ្ទេរសមិទ្ធិផលរបស់គម្រោង ទៅដល់អ្នកពាក់ព័ន្ធសំខាន់ៗ រួមមានរដ្ឋាភិបាល អង្គការដៃគូ និងវិស័យឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបន្តនិរន្តភាព និងកិច្ចខំប្រឹងប្រែងនេះ និងដើម្បីពង្រឹងវិស័យជលផលកម្ពុជា។
លោក ឆេង ផែន អនុប្រធាន រដ្ឋបាលជលផលកម្ពុជា ថ្លែងថា «ដូចយើងជ្រាបហើយថា ប្រជាពលរដ្ឋកម្ពុជាច្រើនជាង ៨០ភាគរយ រស់នៅជនបទ ហើយប្រហែល ៧០ភាគរយ អាស្រ័យលើការងារកសិកម្ម ព្រៃឈើ និងនេសាទ សម្រាប់របរចិញ្ចឹមជីវិតរបស់ពួកគាត់។ ម៉្យាងវិញទៀត កសិកម្ម នៅតែជាសក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀងនៅប្រទេសកម្ពុជា។ ទោះជាយ៉ាងណា វាត្រូវការភាពប្រសើរឡើងនៃប្រព័ន្ធផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធក្រោយការ ប្រមូលផល ការកែលំអបរិយាកាសអាជីវកម្ម និងបង្កើនសមត្ថភាពសម្រាប់សេវាហិរញ្ញវត្ថុដើម្បីឈានដល់ សហគ្រិនជនបទ។ ការបង្កើតសហគមន៍នេសាទទូទាំងប្រទេស គឺដើម្បីរួមចំណែកគោលនយោបាយកម្រែ ទំរង់វិស័យជលផល សំដៅបង្កើនកម្រិតជីវភាពគ្រួសារប្រជានេសាទ ក៏ដូចជាការងារគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព ជាពិសេសធនធានជលផលតែម្តង»។
លោក ហ្គីយូម សាវ៉ល ប្រធានអង្គការវីអេសអូប្រចាំកម្ពុជា ថ្លែងថា «អង្គការវីអេសអូកម្ពុជាបាន និង កំពុងធ្វើការ និងសហការជាមួយប្រជាជនកម្ពុជា ជាពិសេសប្រជានេសាទទាំងពីរភេទ អស់រយៈពេល ២៧ឆ្នាំមកហើយ។ សម្មិទ្ធិផលជាគោលសម្រេចបានពីការអនុវត្តគម្រោងរយៈពេលពីរឆ្នាំ កន្លងមកមានផលប៉ះពាល់ជាវិជ្ជមានដល់សហគមន៍។ ទាំងដៃគូអនុវត្តន៍គម្រោង និងវីអេសអូ បានចាក់ឬគល់ និងបន្សល់ទុកនៅសម្មិទ្ធិផលក្នុងសហគមន៍នេសាទ នៃខេត្តកំពង់ធំ និងកំពង់ឆ្នាំង។ យើងខ្ញុំ បានធ្វើការជិតស្និទ្ធ ជាមួយអជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសំខាន់ៗ។ ជាពិសេសយើងខ្ញុំសូមអរគុណដល់ ការគាំទ្រពីម្ចាស់ជំនួយ សភាពអ៊ឺរ៉ុប, នាយកដ្ឋានសម្រាប់ការអភិវឌ្ឍអន្តរជាតិ (ឌីហ្វីត), ហ្វរ៉មស៊ីដ- ស៊ីដា និងហ្វែរ៉ូអាយលែន ដែលបានផ្តល់ឱកាសដល់យើងទាំងអស់គ្នា រួមានវីអេសអូ និងដៃគូអនុវត្តគម្រោងទាំងអស់ បានគាំទ្រ និងពង្រឹងសហគមន៍នេសាទ និងផ្តល់ផលដល់ប្រជាជនរាប់ពាន់អ្នក»៕