(ហាណូយ, វៀតណាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើរដ្ឋាភិបាលកូរ៉េខាងត្បូងពន្លឿនការកសាងឡើងវិញកំណាត់ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅកាន់ទីរួមខេត្តកោះកុង ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ហើយក៏បានស្នើឲ្យពិនិត្យលទ្ធភាពទិញ និងនាំចូលកសិផលរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូង ឲ្យបានច្រើនថែមទៀត។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ណាក់យ៉ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។
នៅក្នុងជំនួបនោះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានរំលឹកឡើងវិញពីភាពវិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល២១ឆ្នាំមកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណរាល់ជំនួយឧបត្ថម្ភទាំងអស់របស់សាធារណរដ្ឋកូរ៉េ ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជាឡើងវិញ ពិសេសការទទួលយកពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលរហូតមកដល់ពេលនេះមានចំនួនប្រមាណ ៦ម៉ឺននាក់ហើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការគាំទ្រដល់ការប្រារព្វខួបនៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០១៩ខាងមុខ នៅសាធារណរដ្ឋកូរ៉េ។ សម្តេចនាយករដ្ឋមន្ត្រី ក៏មានបំណងចង់ឲ្យវេទិកាមេគង្គ-សាធារណរដ្ឋកូរ៉េ ក្លាយជាវេទិកាសម្រាប់ថ្នាក់ដឹកនាំកំពូល ដូចអ្វីដែលប្រទេសមេគង្គធ្លាប់បានធ្វើជាមួយប្រទេសជប៉ុន និងចិនជាដើម។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក លី ណាក់យ៉ុន បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានគាំទ្រការប្រារព្វខួបអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ខាងមុខ នៅប្រទេសកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើសុំសម្តេចតេជោ ជួយកៀរគរបណ្តាមេដឹកនាំអាស៊ានដទៃទៀត ដើម្បីឲ្យកិច្ចប្រជុំកំពូលរំលឹកខួបចេញជារូបរាងពិតប្រាកដ។
លោកនាយករដ្ឋមន្ត្រី លី ណាក់យ៉ុន ក៏បានវាយតម្លៃខ្ពស់ពីការលើកកម្រិតនៃកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ និងអរគុណសម្តេចតេជោ ដែលបានជួយសម្របសម្រួលក្នុងទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ក្នុងពេលកន្លងមក។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោក លី ណាក់យ៉ុន បានគោរពអញ្ជើញគ្នាទៅបំពេញទស្សនកិច្ចក្នុងប្រទេសរៀងៗខ្លួនផងដែរ៕