Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលក្រុមហ៊ុន CDX ចូលរួមសិក្ខាសាលារបស់សមាគមអ្នកវាយតម្លៃអចលវត្ថុ និងចែករំលែកពីបទពិសោធន៍នៃការវិនិយោគ

26-09-2018 18:31

(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានចូលរួមក្នុងសិក្ខាសាលាដែលត្រូវបានរៀបចំឡើង ដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងបំណងក្នុងការជំរុញការអភិវឌ្ឍ លើការវិនិយោគនៅទូទាំងប្រទេសកម្ពុជា។

សិក្ខាសាលានោះក៏មានការអញ្ជើញចូលរួមពីអ្នកជំនាញ និងវិនិយោគិនជាច្រើនរូបដែលមកពីវិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុ និងរៀបចំឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។

លោក Lawrence Kook អភិបាលក្រុមហ៊ុន CDX ត្រូវបានអញ្ជើញជាវាគ្មិននៅក្នុងសិក្ខាសាលានោះ ដើម្បីចែករំលែកបទពិសោធន៍ និងទស្សនៈវិស័យ យ៉ាងទូលំទូលាយលើការវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិ។

លោក Lawrence បានបញ្ជាក់ពីការរីកលូតលាស់នៃ ការវិនិយោគនៅកម្ពុជា។ លោកបានជំរុញឱ្យវិនិយោគិនទាំងអស់ ធ្វើពិពិធកម្មលើផលិតផល វិនិយោគរបស់ពួកគេដើម្បីកាត់បន្ថយហានិភ័យ ការពារដើមទុនវិនិយោគ និងចៀសវាងការពឹងផ្អែកលើប្រភពចំណូលតែមួយ ហើយអ្វីទាំងអស់នេះ នឹងអនុញ្ញាតឱ្យវិនិយោគិនមានជម្រើសកាន់តែច្រើន និងវិនិយោគប្រកបដោយទំនុកចិត្ត។

លោក Lawrence បានថ្លែងអំណរគុណដល់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចំពោះការអញ្ជើញរូបលោកជាវាគ្មិន ក៏ដូចជាការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលផ្ដល់ឱ្យភាគីទាំងពីរនូវមធ្យោបាយក្នុងការរួមគ្នា លើកស្ទួយជាសាធារណៈនៃ ការអប់រំផ្នែកវិនិយោគនៅពាសពេញផ្ទៃប្រទេស។

ភាគីទាំង២បានឲរំពឹងទុកកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន CDX និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងការបង្កើតវេទិកា សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលឲ្យបានញឹកញាប់បន្ថែមទៀត។ ការចូលរួមរបស់ក្រុមហ៊ុន CDX នៅក្នុងសិក្ខាសាលានេះ បានបំពេញទាំងស្រុង នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអនុស្សរណៈយោគយល់គ្នា និងបានពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំង២ នេះជាសញ្ញានៃការចាប់ផ្ដើមនៃ អនាគតភ្លឺស្វាងរបស់វិស័យវិនិយោគទូទៅនៅកម្ពុជា៕