(កំពង់ស្ពឺ)៖ គោរពតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា, ទេសរដ្ឋមន្រ្តី គន់ គីម បាននាំយកប័ណ្ណបេឡាសន្តិសុខសង្គម សម្រាប់ការព្យាបាលជំងឺដោយឥតគិតថ្លៃរបស់សម្តេច ទៅចែកជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ ចំនួន២៩១១នាក់។
ក្នុងពិធីនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ក៏មានការប្រកាសតែងតាំង លោក ម៉ាន់ ម៉ាច ជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺ ជំនួសលោកឧត្តមសេនីយ៍ត្រី ជូ សារុន។ ក្នុងពិធីនេះ ក៏មានការចូលរួមពីឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់គ្នា និងបានថ្លែងអំណរគុណដល់សមាជិកអតីតយុទ្ធជន ដែលបានទៅបោះឆ្នោតនឹងបោះឆ្នោតគាំទ្រគណក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបានបញ្ជាក់អំពីសារៈសំខាន់នៃប័ណ្ណបេឡាសន្តិសុខសង្គម ដែលជាផ្នែកមួយ នៃលទ្ធផលក្នុងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួចមក ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឋានៈជាអគ្គលេខាធិការសមាគម ក៏បានណែនាំឲ្យសមាជិកទាំងអស់ត្រូវបន្តនូវប្រពៃណីរបស់ខ្លួន ធ្វើជាគំរូល្អនៅមូលដ្ឋានដែលខ្លួនរស់នៅ មានការអ្វីត្រូវរាយការណ៍មកនាយប៉ុស្តិ៍រដ្ឋបាល ដែលជាប្រធាសាខា សមាគម នៅថ្នាក់ឃុំ ជាមួយគ្នានោះថ្នាក់ដឹកនាំ សមាគម គ្រប់ថ្នាក់ពេលទទួលបានសំណូមពរពីបងប្អូនត្រូវចាត់តាំងកម្លាំងចុះពិនិត្យ និងដោះស្រាយជូនពួកគាត់ភ្លាម។
សូមជម្រាបថា តាមរបាយការណ៍របស់សមាគមអតីតយុទ្ធជនខេត្ត ទេសរដ្ឋមន្ដ្រី គន់ គីម បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចអនុញ្ញាតឲ្យសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន២០ខ្នងផងដែរ៕