(ភ្នំពេញ)៖ កាលពីថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប័ណ្ណសហសញ្ញាពាណិជ្ជកម្មរួមគ្នា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាពថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ រួមនឹងវត្តមាន របស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា និងភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនរូបផងដែរ។
ឯកឧត្តម ហ្គី អានវ៉ានិថ អគ្គនាយក និងសមាជិកក្រុមប្រឹក្សាភិបាល ធនាគារ FTB បានថ្លែងថា៖ បច្ចុប្បន្ន ធនាគារ FTB ជាធនាគារក្នុងស្រុកមួយដែលឈានមុខគេក្នុងការផ្តល់សេវាកម្មទូទាត់ ដល់អតិថិជនរបស់ខ្លួន ជាក់ស្តែងយើងជាធនាគារដែលបោះផ្សាយប័ណ្ណ Prepaid ធំជាងគេ និងជាធនាគារដែលទទួលបានពានរង្វាន់ឆ្នើមក្នុង
វិស័យការបោះផ្សាយ និងលក់ប័ណ្ណ Prepaid នៅទីផ្សារកម្ពុជា ដែលជាហេតុធ្វើឲ្យធនាគារ FTB ទទួល បានការទុកចិត្តយ៉ាងមុតមាំពីក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត។ ចំពោះកិច្ចសហការក្នុងការបង្កើត ប័ណ្ណសហ សញ្ញាពាណិជ្ជកម្ម នេះឡើង ក្នុងគោលបំណងដើម្បីបង្កភាពងាយស្រួលក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់ ចំពោះការជាវប្រេងឥន្ធនៈ និងទំនិញនៅក្នុងស្ថានីយ៍កាល់តិច។ រាល់អតិថិជនជាឯកត្តបុគ្គល និងសហគ្រាសតូចធំ នឹងទទួលបានប័ណ្ណនេះដោយឥតគិតថ្លៃ។ អតិថិជនអាចប្រើប័ណ្ណនេះដោយពុំចាំបាច់មានគណនីធនាគារឡើយ គឺជាវភ្លាម ប្រើបានភ្លាម។ ហើយកាន់តែងាយស្រួលបំផុត ប្រសិនបើលោកអ្នកជាអតិថិជន FTB គឺអាចបញ្ចូលទឹកប្រាក់ក្នុងប័ណ្ណនេះតាមរយៈ FTB Mohabot ដោយការផ្ទេរប្រាក់ពីគណនី FTB របស់អ្នក។
លោក ដានីញ៉ែល វ៉ាង អគ្គនាយកក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ក៏បានបន្ថែមដែរថា៖ ប័ណ្ណសហសញ្ញា ពាណិជ្ជកម្មនេះ នឹងផ្តល់ភាពងាយស្រួល និងទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងការចំណាយជាមួយ ប្រព័ន្ធសុវត្ថិភាពរបស់ធនាគារ FTB។ អ្នកប្រើប្រាស់អាចប្រើប័ណ្ណសហសញ្ញាពាណិជ្ជកម្ម សម្រាប់ចាក់ប្រេងឥន្ធនៈ និងទិញទំនិញផ្សេងៗជាច្រើនទៀតនៅស្តារម៉ាត និងកាហ្វេផ្លាស់របស់ស្ថានីយ៍ប្រេងកាល់តិចដែលចូលរួម ហើយរាល់ការចំណាយទាំងអស់នឹងត្រូវកាត់ចេញពីប័ណ្ណរបស់អ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិ និងគ្មានភាពស៊ាំញ៉ាំ។
គួរបញ្ជាក់ផងដែរថា៖ ប័ណ្ណសហសញ្ញាពាណិជ្ជកម្មនេះនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ដូចជា៖
• ទទួលបានការបញ្ចុះតម្លៃ ៣% ភ្លាមៗ រាល់ពេលបញ្ចូលទឹកប្រាក់
• មានសុវត្ថិភាពជាមួយលេខសម្ងាត់
• ងាយស្រួលត្រួតពិនិត្យសមតុល្យសាច់ប្រាក់តាមរយៈកម្មវិធីធនាគារចល័ត FTB MohaBot ឬជាមួយម៉ាស៊ីន អេធីអឹម របស់ធនាគារ FTB
• មិនគិតកម្រៃលើការចុះឈ្មោះ
• គ្មានកម្រៃប្រចាំខែ ឬប្រចាំឆ្នាំ
• មិនគិតកម្រៃលើការបញ្ចូលទឹកប្រាក់ក្នុងប័ណ្ណជាដើម
អ្នកប្រើប្រាស់អាចទទួលយកប័ណ្ណសហសញ្ញាពាណិជ្ជកម្មបាននៅគ្រប់សាខាធនាគារ FTB និងស្ថានីយ៍ កាល់តិចដែលនៅជិតអ្នកបំផុត។ ចំពោះប្រតិបត្តិការប័ណ្ណ អ្នកប្រើប្រាស់អាចបញ្ចូលទឹកប្រាក់រហូតដល់ ៥០០ដុល្លារ ក្នុងមួយថ្ងៃ នៅស្តារម៉ាតរបស់ស្ថានីយ៍កាល់តិច ដែលបានចូលរួម ហើយការប្រើប្រាស់ គឺងាយស្រួលបំផុត ដោយអ្នកប្រើប្រាស់គ្រាន់តែបង្ហាញប័ណ្ណនេះទៅអ្នកគិតលុយនៅតាមស្តារម៉ាតរបស់ស្ថានីយ៍ កាល់តិចជាការស្រេច។