(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់បងប្អូនសហគមន៍កសិករ រោងម៉ាស៉ីនកិន-កែច្នៃ និងក្រុមហ៊ុននាំអង្ករចេញទាំងអស់ ឲ្យបានជ្រាបថា សហព័ន្ធនឹងរៀបចំឲ្យមាន ការប្រកួតអង្ករល្អបំផុតប្រចាំប្រទេសកម្ពុជា លើកទី៣ ដើម្បីស្វែងរកអ្នកទទួលជ័យលាភីអង្ករ ដែលមានគុណភាពល្អបំផុត យកទៅប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាក្នុង កម្មវិធីប្រកួតអង្ករល្អបំផុតពិភពលោក។
ការប្រកួតអង្ករល្អបំផុតប្រចាំ ប្រទេសកម្ពុជា លើកទី៣ នឹងធ្វើឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។
តាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ដើម្បីជាការលើកទឹកចិត្ត ដល់អ្នកផលិត អ្នកកិន-កែច្នៃ និងការចូលរួមការផ្សព្វផ្សាយ ពីប្រភេទអង្ករនានារបស់ខ្មែរ ដែលមានសក្តានុពលសម្រាប់ការនាំចេញ សហព័ន្ធនឹងរៀបចំការប្រកួតប្រភេទអង្ករចំនួន៣ប្រភេទ រួមមាន៖ ជ័យលាភីលើអង្ករក្រអូបប្រណីត, ជ័យលាភីលើអង្ករក្រអូប, និងជ័យលាភីលើអង្ករសគ្រាប់វែង៕