(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានទទួលជួបលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងគណៈប្រតិភូ ដែលអញ្ជើញមកពីក្រុមហ៊ុនកសិកម្មធំៗ នាំមុខគេទាំង១៥ នៅសហរដ្ឋអាមេរិក មានជាអាទិ៍ក្រុមហ៊ុនគីមីឧស្សាហកម្ម ក្រុមហ៊ុនផលិតឧបករណ៍ សម្ភារសម្រាប់ឧស្សាហកម្មម្ហូបអាហារ ថ្នាំបសុសត្វ ត្រាក់ទ័រ John Deere -ល-។
គោលបំណងធំ នៃជំនួបពិភាក្សានេះ គឺទី១៖ ស្វែងរកឱកាសវិនិយោគ លើវិស័យកសិកម្ម និងទី២៖ ពិនិត្យលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ពិសេសជាមួយដៃគូក្រុមហ៊ុនក្នុងស្រុក ដែលមានសក្តានុពល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម។
បើយោងតាមសេចក្តីប្រកាសព៍ត៌មានដែលចុះផ្សាយលើ Facebook ផ្លូវការរបស់លោក វេង សាខុន បានបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលនោះ លោកឯកអគ្គរដ្ឋទូត William Heidt បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច និងវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាល សម្រេចបាននាពេលកន្លងមក ដែលការរីកចម្រើននេះ បានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច បានយ៉ាងល្អប្រសើរ។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា វាជាឱកាសដ៏ល្អ សម្រាប់វិស័យឯកជន របស់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុនក្នុងស្រុក ក្នុងការស្វែងរកដៃគូ សហការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម ការផ្គត់ផ្គង់សម្ភារកសិកម្ម គីមីឧស្សាហកម្ម គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាផ្សេងៗទៀត ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ លើការអនុវត្តបច្ចេកទេសសមស្រប តាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន កំណើនសេដ្ឋកិច្ច ពិសេសសមស្រប តាមស្តង់ដារកសិផលសម្រាប់ទីផ្សារនាំចេញ។
លោករដ្ឋមន្រ្តី វេង សាខុន ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលកន្លងមកបានជួយគាំទ្រយ៉ាងច្រើន តាមរយៈអង្គការ USAID ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ដោយបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកា ដើម្បីអនុវត្តគម្រោងនានា ដែលពាក់ព័ន្ធវិស័យកសិកម្ម ការងារបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមជ្ឈមណ្ឌលឧត្តមភាព សម្រាប់កសិកម្មសមស្រប នវានុវត្តន៍ និងអាហារូបត្ថម្ភ ខេត្តបាត់ដំបង។
ស្តែងចេញពីកិច្ចសហប្រតិបត្តិការ និងលទ្ធផលគម្រោងនានា បានធ្វើឲ្យវិស័យកសិកម្ម មានការរីកចម្រើនជាបន្តបន្ទាប់ ហើយតាមរយៈលោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្រ្តី សង្ឃឹមនិងជឿជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសវិស័យឯកជន របស់សហរដ្ឋអាមេរិក នឹងមកវិនិយោគលើវិស័យកសិកម្ម កាន់តែច្រើនឡើញនាពេលអនាគត។
លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាអាទិ៍៖ ផ្លូវគមនាគមន៍ កំពង់ផែរទឹងជ្រៅ ព្រលានយន្តហោះ ការផ្តត់ផ្គង់អគ្គិសនី -ល-។ ដោយឡែក ក្រសួងបាននិងកំពុងជំរុញ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មកសិកម្ម និងយន្តូបនីយកម្មកសិកម្ម ដើម្បីជួយជំរុញវិស័យកែច្នៃ វេចខ្ចប់ឲ្យមានការរីកចម្រើន ធ្វើការនាំចេញ កសិផលនាពេលអនាគត។
ជាមួយគ្នានោះផងដែរ ភាគីទាំងពីរ ក៏បានលើកយកប្រធានបទសំខាន់ៗ មកពិភាក្សារួមមាន៖
* គោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល
* ស្តង់ដារអនាម័យ និងភូតភាមអនាម័យ សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ
* ផលិតផលសំខាន់ៗ ដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញ
* វិស័យកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធ ដែលជួយទ្រទ្រង់វិស័យនេះ
* ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យកសិកម្ម
* ការលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យម
* ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យកសិកម្ម ពិសេសយុវជនជំនាន់ក្រោយ និងការពង្រឹងទំនាក់ទំនងល្អ រវាងវិស័យឯកជននិងរដ្ឋ៕