(ក្រចេះ)៖ អាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោក ផាត សុភក្រ័វាសនា មេបញ្ជាការអាវុធហត្ថ ក្រុងក្រចេះ សម្របសម្រួលដោយ លោក ជា សុភក្រ័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានចុះបង្ក្រាប បទល្មើសព្រៃឈើ ចំនួន២ករណី ក្នុងយប់តែមួយ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយឃាត់បានទូកដឹកឈើ១គ្រឿង និងរថយន្ដដឹកឈើម៉ាកតាកូម៉ាចំនួន១គ្រឿង។
យោងតាមរបាយការណ៍ អាវុធហត្ថក្រុងក្រចេះ បានឲ្យដឹងថា នៅវេលាម៉ោង១២៖២០នាទី ឈានចូលថ្ងៃទី២៦ ខែកញ្ញា កម្លាំងអាវុធហត្ថក្រុងក្រចេះ បានបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចក្បាលកោះទ្រុង (ក្នុងទន្លេមេគង្គ) ស្ថិតក្នុងសង្កាត់កោះទ្រុង ក្រុងក្រចេះ ដោយឃាត់បានទូកដឹកឈើអាប្រភេទលេខ១ ចំនួន១គ្រឿង ផ្ទុកឈើជាច្រើនម៉ែត្រគូប តែមិនទាន់ដឹងចំនួនម៉ែត្រគូប ប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ។
លុះដល់ម៉ោង០២៖៤៥នាទី យប់ថ្ងៃដែលកម្លាំងអាវុធហត្ថ ក្រុងក្រចេះ សម្របសម្រួលដោយលោក ជា សុភក្រ័្ត ព្រះរាជអាជ្ញារង បានឃាត់រថយន្ដម៉ាកតាកូម៉ា ចំនួន១គ្រឿង ដឹកឈើប្រភេទសុក្រំ (កូនក្រឡឹង) ចំនួន១២៦ដុំ នៅចំណុច សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។
មន្ត្រីរដ្ឋបាលព្រៃឈើ សង្កាត់ថ្មក្រែ បានឲ្យដឹងថា បច្ចុប្បន្នរថយន្ដ និងឈើទាំងនោះ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅស្ថានីយ៍ បណ្ដុះកូនឈើខ្សា ចំពោះឈើអាប្រភេទលេខ១ និងលេខ២ ដែលដឹក ដោយរថយន្ដ មានចំនួន១២៦ដុំ ស្មើ១,០៥៦ម៉ែត្រគូប ដោយឡែកឈើ ដែលដឹកតាមទូកនោះ មិនទាន់ដឹងចំនួនម៉ែត្រគូបនោះទេ ព្រោះកម្លាំងរដ្ឋបាលព្រៃឈើ កំពុងធ្វើការដឹកជញ្ជូនមិនទាន់អស់ ហើយមិនទាន់បាន ធ្វើការវាស់វែង៕