(កណ្ដាល)៖ ករណីប្រជាពលរដ្ឋចំនួន១០គ្រួសារ រស់នៅភូមិព្រែកជ្រៃ ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ដែលធ្លាប់បានតវ៉ា និងកើតទុក្ខមិនសុខចិត្តចំពោះអភិបាលស្រុក គឺលោក ភឹម ភីរ៉ា ទៅកាន់ថ្នាក់ដឹកនាំក៏ដោយសារអភិបាលស្រុករូបនេះ មិនព្រមចុះហត្ថលេខាលើ លិខិតផ្ទេរសិទ្ធិលក់ដូរដីរបស់គាត់ ដែលមានទំហំសរុបប្រមាណ១៧ហិចតា បើទោះបីជាមេភូមិ និងមេឃុំបានទទួលស្គាល់ និងឯកភាពចុះហត្ថលេខាក៏ដោយនោះ ត្រូវបានអភិបាលស្រុកជួយចាត់ការ និងដោះស្រាយតាមនីតីវិធីហើយ។
ការតវ៉ា និងកើតទុក្ខមិនសុខចិត្តរបស់បងប្អូនប្រជាពលរដ្ឋទាំងនេះ កាលពីពេលថ្មីៗមកនេះ ត្រូវបានលោកអភិបាលស្រុក ក៏ចេញមកបញ្ជាក់អះអាងថា មូលហេតុដែលលោកមិនបានចុះហត្ថលេខា លើលិខិតផ្ទេរសិទ្ធិលក់ដូរដីទាំងអស់ ក៏ព្រោះតែជាដីស្ថិតនៅក្នុងអាងទឹករបស់ក្រសួងធនធានទឹក។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា ក៏បានបញ្ជាក់ផងដែរថា ទីតាំងដីរបស់បងប្អូនប្រជាពលរដ្ឋ ពិតជាស្ថិតនៅក្នុងតំបន់អាងទឹក ប៉ុន្ដែអាងទឹកមួយនេះ មិនដែលបានជួសជុលនោះឡើយ ហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានចេះតែបង្កបង្កើនផល តាំងពីរាប់សិបឆ្នាំមកម្ល៉េះ ពោលស្ទើតែជាដីកម្មសិទ្ធិផ្ដាច់មុខរបស់ពួកគាត់ទៅហើយ។
បើទោះបីមានការប្រទាញប្រទុង និងមានការទទូចស្នើសុំពីបងប្អូនប្រជាពលរដ្ឋនោះ អភិបាលស្រុកល្វាឯម ក៏មិនបានបោះបង់ចោលក្នុងការស្វែងរកដំណោះស្រាយ ជូនពលរដ្ឋរបស់ខ្លួនឡើយ ពោលបានធ្វើរបាយការណ៍ជាផ្លូវការ និងលិខិតស្នើសុំដាក់ជូនអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ ដើម្បីមានដំណោះស្រាយជាក់ស្ដែង ជូនប្រជាពលរដ្ឋទាំងនេះរួចហើយ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក ភឹម ភីរ៉ា បានបញ្ជាក់ថា ករណីតវ៉ារបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះ លោកបានធ្វើជារបាយការណ៍ និងសំណើររបស់ប្រជាពលរដ្ឋ ដាក់ជូនលោកអភិបាលខេត្ត តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ដើម្បីជួយអន្ដរាគមន៍លើបញ្ហានេះ។
លោកអភិបាលស្រុកល្វាឯម បានបញ្ជាក់ទៀតថា របាយការណ៍ និងសំណើរដែលលោកដាក់ជូនអភិបាលខេត្តនោះ គឺស្នើសុំគាត់ពិនិត្យមើល និងធ្វើការសម្រេចក៏ដូចជា ការចាត់មន្ដ្រីជំនាញ ចុះមកពិនិត្យផ្ទាល់ជាក់ស្ដែងថា ត្រូវកាត់ជូនប្រជាពលរដ្ឋ ឬយ៉ាងណា? ព្រោះតែបងប្អូនប្រជាពលរដ្ឋទាំងនេះពិតជាបានបង្កបង្កើនផលតាំងពីយូរណាស់មកហើយដែរ។
តែទោះយ៉ាងណា លោកអភិបាលស្រុក បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះ តំបន់ខាងលើគឺទឹកជន់លិចរហូត២-៣ម៉ែត្រឯណោះ ដូច្នេះទាល់តែរីងស្ងួតទើបអាចធ្វើការចុះវាស់វែង និងកំណត់តាមការជាក់ស្ដែង។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋទាំង១០គ្រួសារ ក៏បានសុំអន្ដរាគមន៍ទៅលើលោក ហ៊ុន ម៉ាណែត ឲ្យជួយដោះស្រាយផងដែរ ក្រោយពេលដែលលោកអភិបាលស្រុកមិនព្រមចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិ ដែលជាដីស្រែពួកគាត់បានបង្កបង្កើនផល តាំងពីឆ្នាំ១៩៨០មកម្ល៉េះ តែមូលហេតុត្រូវបានលោកអភិបាល អះអាងថា មិនហ៊ានចុះហត្ថលេខានោះឡើយ ព្រោះថាជាដីស្ថិតក្នុងអាងទឹក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។
បងប្អូនប្រជាពលរដ្ឋទាំង១០គ្រួសារ សូមទទូចស្នើសុំដល់អភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍ និងដោះស្រាយជូនពួកគាត់ផង ដើម្បីអាចធ្វើការលក់ដូរបានដោយមិនមានបញ្ហាអ្វី និងម្យ៉ាងទៀត ដីទាំងនេះ ពួកគាត់បានធ្វើការបង្កបង្កើនផលតាំងពីរាប់ឆ្នាំមកហើយនោះ៕