Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរសវនកម្មជាតិ សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំសិក្ខាសាលាលើកទី២ ផ្សព្វផ្សាយច្បាប់ ស្តីពីសវនកម្ម និងស្តង់ដារសវនកម្ម នៃកម្ពុជា

26-09-2018 17:11

(ពោធិ៍សាត់)៖ អាជ្ញាធរសវនកម្មជាតិ សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាលើកទី២ ផ្សព្វផ្សាយច្បាប់ ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃកម្ពុជា ជូនដល់មន្ត្រីរាជការ ក្នុងខេត្តពោធិ៍សាត់ ប្រមាណ១៣០នាក់។

សិក្ខាសាលានេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ខេ អឹម ក្រោមអធិបតីភាពលោកបណ្ឌិត សួន សិទ្ធី អគ្គសវនកម្មរងនៃអាជ្ញាធរសវនកម្មជាតិ, លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត, លោក គិត សុផា អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត, លោកបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ។

លោកបណ្ឌិត សួន សិទ្ធី បានថ្លែងថា នេះជាលើកទី២ហើយ ដែលអាជ្ញាធរសវនកម្មជាតិ បានរៀបចំសិក្ខាសាលា ក្នុងខេត្តពោធិ៍សាត់។ នៅលើកទី១ ភាគច្រើនសុទ្ធសឹងជាមន្ត្រីចាស់ៗ ដែលជិតចូលនិវត្តន៍ ហើយលើកទី២នេះ អាជ្ញាធរសវនកម្មជាតិ បានស្នើសុំសហការជាមួយរដ្ឋបាលខេត្ត ជ្រើសរើសយកមន្ត្រីថ្មី ដែលនៅខ្វះបទពិសោធន៍មកធ្វើការបណ្តុះបណ្តាល។

លោកបន្ថែមថា អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសាធារណៈ ឯករាជអំពីកិច្ចប្រតិបត្តិការការងារ មានភារកិច្ចចំពោះការអនុវត្តមុខងារសវនកម្មផ្ទៃក្នុង និងក្រៅ របស់រាជរដ្ឋាភិបាល និងជាស្ថាប័នសវនកម្មកំពូលមួយ ដែលមិនអាចខ្វះបាន ក្នុងប្រទេសនីតិរដ្ឋ។ មុខងារសំខាន់របស់អាជ្ញាធរសវនកម្មជាតិ គឺពិនិត្យឡើងវិញ លើកិច្ចបញ្ជីការគណនេយ្យ ប្រពន្ធគ្រប់គ្រង និងកិច្ចប្រតិបត្តិការ របស់ក្រសួងស្ថាប័ន ភ្នាក់ងារ អាជ្ញាធរ ធនាគារជាតិ ស្ថាប័នហិរញ្ញវត្ថុរដ្ឋចម្រុះ ឯកជន សហគ្រាសសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ទំនិញ និងសេវាកម្មចំពោះរាជរដ្ឋាភិបាល តាមកិច្ចសន្យាផងដែរ៕