(ភ្នំពេញ)៖ លោក មហាធា ប៊ិន មហាម៉ាត់ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិថ្មី។

លិខិតរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលនីតិកាលទី៦របស់កម្ពុជា។ សំលេងគាំទ្រដ៏ច្រើនលើសលប់របស់ប្រជាជនកម្ពុជាដែលបានបោះឆ្នោតជ្រើសរើសសម្តេចតេជោ ជាមេដឹកនាំបន្តទៀត គឺជាសក្ខីភាពនៃជំនឿ និងទំនុកចិត្តដែលពួកគេនៅតែមានចំពោះសម្តេចតេជោ»

លោកបានបញ្ជាក់ថា «ខ្ញុំនៅតែជឿជាក់ថា នេះជាឱកាសដ៏ប្រពៃសម្រាប់ម៉ាឡេស៊ី និងកម្ពុជាបន្តពង្រឹងទំនាក់ទំនងរបស់យើង។ បើមើលទៅអតីតកាលវិញ ពួកយើងបានរួមដំណើរមកជាមួយគ្នាយ៉ាងវែងឆ្ងាយក្នុងអាស៊ាន។ ជាការច្បាស់ណាស់ថា អនាគតក្នុងតំបន់របស់ពួកយើង ពឹងផ្អែកទៅលើការបេ្តជ្ញាចិត្តរបស់យើងក្នុងការប្រកាន់នូវគោលការណ៍សន្តិភាព សេរីភាព និងអព្យាក្រឹត្យភាព។ ខ្ញុំជឿថា ទាំងម៉ាឡេស៊ី ទាំងកម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់នឹងបន្តការប្តេជ្ញាចិត្តរបស់យើងជាថ្មី ចំពោះគោលការណ៍ទាំងនេះ»៕

ខាងក្រោមនេះជាសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី៖