(សៀមរាប)៖ គណ:ប្រតិភូនៃអង្គទូតប្រទេសអាស៊ាន ដែលជាសមាជិកគណ:កម្មការអចិន្ត្រៃយ៍ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនអាស៊ាន (ARMAC) ចំនួន៣០រូប នៅថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញធ្វើទស្សនកិច្ចនៅសារមន្ទីសន្តិភាពសកម្មភាពកំចាត់មីនស៊ីម៉ាក់ ខេត្តសៀមរាប។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងថា គោលបំណងនៃការចុះធ្វើទស្សនកិច្ចនេះ គឺដើម្បីបានសិក្សាស្វែងយល់ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរំដោះប្រជាជនកម្ពុជា ពីការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ពិសេសគ្រាប់មីនប្រឆាំងមនុស្ស។
សូមជម្រាបថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនស៉ីម៉ាក់ ដែលមានទីតាំងនៅភូមិអន្លង់២ ឃុំត្រពាំងធំំ ស្រុកបាសាទបាគង ខេត្តសៀមរាប។ សារមន្ទីរនេះ មានតែមួយគត់នៅកម្ពុជា បានរៀបចំ និងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ១២ហិចតា នៅខេត្តសៀមរាប ដើម្បីទុកជាកំរងប្រវត្តិសំណល់ជាតិផ្ទុះពីសង្គ្រាម និងសមិទ្ធិផលប្រតិបតិ្តការ ជួយសង្គ្រោះការពារអាយុជីវិតប្រជាជន និងផ្តល់សេចក្តីសុខសុវតិ្ថភាពសំរាប់ប្រជាជន និងសង្គមជាតិ តាមរយៈការរំដោះផ្ទៃដី និងកំទេចចោលគ្រាប់មីនទាំងនោះ៕