(ភ្នំពេញ)៖ សិស្សានុសិស្សជាច្រើននាក់ ដែលមានបទពិសោធន៍បច្ចេកវិទ្យាខ្លាំងពូកែ ខាងរ៉ូបូត បានប្រកួតប្រជែងគ្នា នៅក្នុងការប្រកួតប្រជែងរ៉ូបូត លក្ខណៈអន្តរជាតិមួយ ដែលហៅថា ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក សម្រាប់ជុំប្រកួត នៅក្នុងប្រទេសកម្ពុជា ដែលរៀបចំធ្វើឡើង នៅសាកលវិទ្យាល័យហ្សាម៉ាន់ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
ការពាំនាំយកការប្រកួតប្រជែង សម្រាប់ជុំប្រកួតនៅក្នុងប្រទេសកម្ពុជា គឺជាស្នាដៃផ្ដួចផ្ដើមរបស់អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ក្រោមជំនាញបច្ចេកទេស របស់កុ្រមហ៊ុនស្មាត អាស្យាតា ដែលជាដៃគូជាផ្លូវការ ចំពោះជុំប្រកួត នៅក្នុងប្រទេសកម្ពុជា ដែលរួមគ្នាសហការរួចជាស្រេច ជុំវិញការប្រឡងប្រជែងវិស័យបច្ចេកវិទ្យា លើការដំឡើងគ្រោងរ៉ូបូតលក្ខណៈ LEGO Mindstorms Robot។ ការប្រកួតប្រជែង នឹងត្រូវវិនិច្ឆយតាមរយៈការរៀប ឬដំឡើងរ៉ូបូត ដោយស្ថិតក្រោមពេលវេលាកំណត់ និងដើម្បីប្រកួតដណ្ដើមសិទ្ធិឡើង ទៅប្រកួតនៅជុំអន្តរជាតិបន្តទៀត នៅក្នុងប្រទេសថៃ នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។
សិស្សានុសិស្សចំនួន១៥ក្រុម មកពីសាលាចំនួន៥ បានចូលរួមការប្រកួតប្រជែងនេះ លើវិញ្ញាសារចំនួនពីរដែលចែកចេញជាវិញ្ញាសារ សម្រាប់កុមារអាយុពី១៣ ដល់១៥ឆ្នាំ និងយុវជនអាយុពី១៥ ដល់១៩ឆ្នាំ។ ក្រុមប្រកួតនីមួយៗ មានសមាជិកចំនួនពីរ ឬបីនាក់ ដែលត្រៀមខ្លួនប្រកួតក្រោមការណែនាំរបស់គ្រូដឹកនាំ។
ជ័យលាភីលេខ១ លើវិញ្ញាសារសម្រាប់កុមារ បានទៅលើក្រុម LLA១ និងលេខ២ បានទៅក្រុម LLA២ ដែលមកពីសាលា Liger Leadership Academy។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅក្រុម Rechnology មកពីសាលាអង្គការ Cambodian Children's Fund។ ដោយឡែក លើវិញ្ញាសារសម្រាប់យុវជន ជ័យលាភីលេខ១ បានទៅក្រុម ZIS១ និងលេខ៣ បានទៅក្រុម ZIS២ ដែលមកពីសាលាអន្តរជាតិហ្សាម៉ាន់។ ចំណែកឯចំណាត់ថ្នាក់លេខ២ បានទៅក្រុម TDM ដែលមកពីសាលាអង្គការ Cambodia Children’s Fund។
ឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញនៅវគ្គប្រកួតជាច្រើន ដែលត្រូវបានរៀបចំឡើង យើងបានឯកភាពថា ព្រឹត្តិការណ៍នេះ បានផ្ដល់នូវបទពិសោធន៍ប្លែកដល់ប្អូនៗ សិស្សានុសិស្សដែលមានវត្តមានចូលរួម។ នៅមុនការប្រកួត លោកនាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានចូលរួមគាំទ្រការប្រកួតប្រជែងនេះ យ៉ាងឆាប់រហ័ស ហើយបានទទួលស្គាល់ថា លោកពុំមានការស្ទាក់ស្ទើរអ្វីឡើយ ចំពោះការចូលរួមសហការក្នុងព្រឹត្តិការណ៍នេះ។
លោកនាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា បានថ្លែងថា «ការដែលកម្មវិធីដ៏គួរឲ្យទន្ទឹងរង់ចាំនេះ ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា គឺជាប្រការមួយដែលគួរឲ្យចាប់អារម្មណ៍។ ខ្ញុំជឿជាក់ថា ការជួយឲ្យយុវជនកម្ពុជា ចូលរួមជាមួយនឹងបច្ចេកវិទ្យារ៉ូបូត នឹងពង្រីកភាពច្នៃប្រឌិត និងជំនាញដោះសា្រយបញ្ហា តាមរយៈចំណេះជំនាញដ៏ឆ្លាតវៃរបស់ពួកគាត់»។
ដោយបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក បានក្លាយជាការប្រកួតប្រជែងលក្ខណៈអន្តរជាតិមួយ យ៉ាងពិតប្រាកដសម្រាប់យុវជនដែលមានចំណង់ចំណូលចិត្ត ចំពោះការពឹងផ្អែកដ៏ឆាប់រហ័សលើបច្ចេកវិទ្យា ដែលពិភពលោកកំពុងធ្វើជាសាក្សី។ ជុំប្រកួតនានានៅក្នុងកម្មវិធីនេះ មានការចូលរួមពីសំណាក់បណ្ដាប្រទេសជាង៦០ ចាប់ពីការចាប់ផ្ដើមការប្រកួត រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដែលមានវត្តមានប្រកួតប្រជែងរបស់សិស្សានុសិស្សវៃឆ្លាត និងមានការប្ដេជ្ញាចិត្តបំផុត៕