(កំពង់ធំ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសតែងតំាងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថ្មីខេត្តកំពង់ធំថ្មី។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព មន្ត្រី ជាច្រើនរូបផងដែរ។
តាមការសេចក្តីសម្រេច លោក ហ៊ិន សោភ័ណ ត្រូវបានតែងតាំងជំនួសលោក ឆាង កង ដែលត្រូវចូលនិវត្តន៍។
ថ្លែងក្នុងពិធីនោះ លោក សុខ លូ បានសម្តែងនូវការអបអរសាទចំពោះលោក ហ៊ិន សោភ័ណ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះ និងបានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមុន ដោយមានការសាមគ្គីភាពឯកភាពគ្នាបានល្អប្រសើរ ដូច្នេះសូមលោកប្រធានមន្ទីរថ្មី ត្រូវបន្តថែរក្សានូវកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងនេះបន្តទៀត និងធ្វើការដឹកនាំអង្គភាពឱ្យមានការរីកចម្រើន និងល្អប្រសើរជាងមុន។
លោកបន្ថែមទៀតថា រាល់ការតែងតាំងការប្រគល់ភារកិច្ច និងរៀបចំមុខតំណែងមន្រ្តីរាជការ គឺជាដំណើរការជាធម្មតាក្នុងការគ្រប់គ្រងដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥នៃរដ្ឋសភា ជាពិសេសគឺកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។
លោកស្រី ភឿង សកុណា ក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំស្រាវជ្រាវ ស្វែងយល់ចងក្រងឯកសារ និងទំនៀមទម្លាប់ វប្បធម៌រូបី និងអរូបី ដែលនៅសេសសល់ពីដូនតា ដើម្បីរួមគ្នាអភិរក្ស ទុកសម្រាប់ក្មេងៗជំនាន់ក្រោយ និងរក្សានូវតម្លៃវប្បធម៌ខ្មែរឱ្យមានភាពល្បីល្បាយលើសកលលោក។
លោកស្រីបន្ថែមទៀត ខេត្តកំពង់ធំ មានភ័ពសំណាងណាស់ដែលបានដាក់បញ្ជូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នា២០១៧ កន្លងទៅនេះ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាយ៉ាងច្រើនកុះករ។
បន្ទាប់ពីលោក ឆាង កង អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានឡើងអានរបាយការណ៍សមិទ្ធិផលក្នុងអាណត្តិដឹកនាំរបស់លោករួចមក លោក ហ៊ិន សោភ័ណ ដែលទើបទទួលការតែងតាំងថ្មី បានឡើងប្តេជ្ញាចិត្ត ដោយគោរពអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃកម្ពុជា រក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងដៃគូអភិរក្សវិស័យវប្បធម៌ ពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃ និងទទួលយកការរិះគន់ក្នុងន័យស្ថាបនាដើម្បីឱ្យការងាររីកចម្រើន និងជោគជ័យបន្ថែមទៀត៕