(ភ្នំពេញ)៖ នៅថៃ្ងទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តដឹកនាំដោយ លោក អ៊ិត សណ្ដាប់ ជាអនុប្រធាននាយកដ្ឋាន បានសហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ៍ និងដេប៉ូមួយចំនួនដែលមានទីតាំងនៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ច អ្នកប្រើប្រាស់ការពារ គ្រឿងម៉ាស៊ីន នៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញ ពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងន្លំ។
ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌ ជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាដែលមានចំណុះ ៥លីត្រ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។
ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ៍ និងដេប៉ូ៥កន្លែង នៅទីតាំងខាងលើ នេះគឺមានស្ថានីយ៍ និងដេប៉ូ០១កន្លែង មានអនុលោមភាពលើផ្នែកគុណភាព និងបរិមាណ ចំណែកដេប៉ូ២កន្លែង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ និងដេប៉ូ២កន្លែងទៀត មិនមានអនុលោមភាពលើផ្នែកបរិមាណ។
ក្រុមមន្ត្រីត្រួតពិនិត្យបានឱ្យម្ចាស់ស្ថានីយ៍ និងដេប៉ូធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឱ្យបាន ត្រឹមត្រូវឡើងវិញតាមរយៈស្ថាប័នមានសមត្ថកិច្ចជំនាញ។
លោកបានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួត ពិនិត្យឲ្យបានគ្រប់ស្ថានីយ៍ទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះស្ថានីយ៍/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឱ្យបាន សមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវ ចំណាត់ការតាមនីតិវិធីនៃច្បាប់ជាធរមាន។
លោកក៏បានបញ្ជាក់ថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ៍/ដេប៉ូប្រេងឥន្ធនៈដែលជាក្រុមហ៊ុន ទុកចិត្តប្រើប្រាស់ឧបករណ៍ថ្មីលក់ប្រេងសាំងធម្មតាឬស៊ុបពែរ និងម៉ាស៊ូត ដែលមានគុណភាពល្អហើយគ្រប់ចំនួនលីត្រ ពិនិត្យ មើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ និងតាមដានដំណើរការនៃលេខកុងទ័រ ដែលត្រូវចាប់ផ្កើមជាមួយគ្នានឹង ម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួង ពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្នសុវត្ថិភាពផ្នែកអគ្គិភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី-ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាព ជាយថាហេតុណាមួយ៕