(ព្រៃវែង)៖ មជ្ឈមណ្ឌលការងារខេត្តព្រៃវែង បានចាប់ដៃគូជាមួយអាជ្ញាធរឃុំពពឹស រៀបចំនូវវេទិកាការងារដែលធ្វើឡើង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុនេះ។
ការរៀបចំវេទិកាការងារនេះ ដោយមានការចូលរួមសហការ ពីអង្គការ ស៊ីថេប និងក្រុមហ៊ុន ស៊ុមី វ៉ាយរីង ស៊ីស្ទីម ខូអិលធីឌី ដោយនាំយកនូវឱកាសការងារជាច្រើនកន្លែង ទៅតាមមុខជំនាញផ្សេងៗគ្នា សម្រាប់សិស្ស/និស្សិត យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ សូមត្រៀមខ្លួនរៀបចំប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមជួបផ្ទាល់ជាមួយអ្នកតំណាងមកពីក្រុមហ៊ុន អាចដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់នៅនឹងកន្លែង ចាប់ពីម៉ោង៨៖០០នាទីព្រឹកតទៅ។
បើតាមលោក អោម ខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តព្រៃវែង បានលើកឡើងថា «វេទិកាការងារ គឺកន្លែងជួបជុំគ្នារវាងនិយោជក និងអ្នកស្វែងរកការងារធ្វើ ដើម្បីបង្កើនប្រសិទ្ធភាពទទួលបានឱកាសការងារនៅនឹងកន្លែង និងអាចជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ ដោយងាយស្រួល មិនតែប៉ុណ្ណោះកម្លាំងពលកម្មនៅទីជនបទតែងជួបប្រទះកង្វះខាតព័ត៌មានអំពីការងារ និងពុំសូវទទួលបានឱកាសការងារ ដ៏សម្បូរបែបនោះទេ ដែលហេតុអាចនាំអោយមានការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងខុសច្បាប់ទៀតផង»។
លោក អោម ខុន បានបន្ថែមទៀតថា៖ «ដូច្នេះមជ្ឈមណ្ឌលការងារខេត្តព្រៃវែង ដែលជាផ្នែកមួយរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនជម្រើសនៃប្រភពព័ត៌មាន និងនាំយកឱកាសការងារដល់កន្លែង ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅរស់នៅក្នុងខេត្តព្រៃវែង ដើម្បីទទួលបានឱកាសការងារកាន់តែឆាប់រហ័ស ចំណេញពេលវេលា និងកាត់បន្ថយចំណាយផងដែរ»។
អាស្រ័យហេតុនេះ សម្រាប់ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការងារ និងត្រូវការជ្រើសរើសកម្លាំងពលកម្មអាចទាក់ទងមកមជ្ឈមណ្ឌលការងារខេត្តព្រៃវែងតាមរយៈលេខទូរស័ព្ទ៖ ០៨១ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕