(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅក្នុងឃុំកងតាណឹង ស្រុកកងមាស ដោយដកហូតបានវត្ថុតាងមួយចំនួន និងលែងកូនត្រីចម្រុះចូលបឹងវិញជិត២០០គីឡូក្រាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោយពីទទួលបានព័ត៌មានពីមូលដ្ឋាន ហើយលោកបានបញ្ជា អធិការនគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង សហគមន៍បឹងB៦ និងអាជ្ញាធរឃុំ ដឹកនាំដោយលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង ដោយមានការចង្អុលបង្ហាញពីលោក មឿន ផា អភិបាលស្រុកកងមាស។
ការបង្ក្រាបនេះនៅចំណុចបឹងរោង រាំង និងចំណុចខាងជើងទំនប់បឹងកក់ ចំងាយពីផ្ទះប្រជាពលរដ្ឋ ប្រវែង២៥០០ម៉ែត្រ ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដោយជាលទ្ធផល ដកហូតបានលូស្បៃមុង ចំនួន៤៥មាត់, របាំងព្រួល ប្រវែង២,៨០០ម៉ែត្រ និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិចំនួន១៨០គីឡូក្រាម។
ចំពោះសម្ភារវត្ថុតាង បានដុតបំផ្លាញចោលនៅចំណុចលើទំនប់បឹងកក់ ក្នុងភូមិកងតាណឹងទី៩ ឃុំកងតាណឹង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕