(ភ្នំពេញ)៖ លោក ចេង ម៉ូនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាឲ្យផាកពិន័យ លើម្ចាស់ដេប៉ូលក់ឈើ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣៦៩ ដោយសារតែបានបង្កភាពរញ៉េរញ៉ៃយ៉ាងខ្លាំង។ លោកបន្តថា រថយន្តដឹកដី ដឹកឈើ ដឹកខ្សាច់ ដឹកថ្ម និងដឹកទំនិញផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ក៏ត្រូវចាប់មកផាកពិន័យ ជាបន្ទាន់ផងដែរ។
ការដាក់បញ្ជារបស់លោក ចេង ម៉ូនីរ៉ា បានថ្លែងនៅក្នុងវេទិការសាធារណៈ ជាមួយក្រុមប្រឹក្សាខណ្ឌ-សង្កាត់, នគរបាល, កងរាជអាវុធហត្ថ, មន្ត្រីការិយាល័យជំនាញ, ចំណុះថ្នាក់ដឹកនាំភូមិ ក្នុងខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
វេទិកាសាធារណៈនេះ មានគោលបំណងដើម្បីឲ្យសមាជិក ចូលរួមក្នុងអង្គវេទិកា លើកឡើងពីបញ្ហាសំខាន់ៗជាអាទិភាព រួមមានការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព, ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន រួមទាំងបញ្ហាមួយចំនួនទៀត សម្រាប់ឲ្យរដ្ឋបាលខណ្ឌ យកទៅពិចារណាធ្វើការកែទម្រង់ ក្នុងការអនុវត្តសកម្មភាពរបស់គណៈអភិបាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងមូល។
លោក ចេង ម៉ូនីរ៉ា បានថ្លែងថា ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ទៅដល់តំបន់ច្រាំងបាក់ ដែលជាដេប៉ូលក់ឈើ និងមានភាពរញ៉េរញ៉ៃ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនោះ ដល់ពេលដែលត្រូវប្រើធម៌ក្តៅហើយ។
លោកអភិបាលខណ្ឌ បានថ្លែងសង្កត់ធ្ងន់ៗយ៉ាងដូច្នេះថា «គណៈបញ្ជាការឯកភាពខណ្ឌមិនដកថយទេ តែដល់ថ្ងៃឱសាទវាទហើយ នឹងចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលហើយ មិនមានការយោគយល់ទេ ព្រោះរដ្ឋបាលខណ្ឌ បានជូនដំណឹងរួចហើយដែរ សូមកុំអន្តរាគមន៍ឲ្យសោះ។ ចំពោះរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម និងដឹកទំនិញផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ សូមចាប់ជាបន្ទាន់មិនមានការយោគយល់ទេ ព្រោះយើងជាអ្នកបម្រើប្រជាពលរដ្ឋ មិនឲ្យបុគ្គល ដែលជាអ្នករកស៉ី ធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ»។
លោកបន្តថា «សូមចាប់ទៅ ដើម្បីឲ្យម្ចាស់រថយន្តរាងចាល និងចូលខ្លួនមកធ្វើកិច្ចសន្យា ហើយផាកពិន័យដើម្បីយកថវិកា មកលើកទឹកចិត្តដល់កងកម្លាំងដែលចុះប្រតិបត្តិការ»។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានណែនាំឲ្យចៅសង្កាត់ និងមន្ត្រីជំនាញ ចុះពិនិត្យមើលផ្លូវ ដែលរងនូវការខូចខាត ត្រូវធ្វើរបាយការណ៍មកការិយាល័យជំនាញ ដើម្បីបញ្ជូនគ្រឿងចក្រ ទៅជួសជុលជាបន្ទាន់ ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ។ លើសពីនេះទៀត រដ្ឋបាលខណ្ឌច្បារអំពៅ នឹងធ្វើការកែលម្អអំពីការផ្តល់សេវ៉ាសាធារណៈរបស់ខ្លួន ក្នុងកំណែទម្រង់មួយដ៏ស៉ីជម្រៅ និងជាក់លាក់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព រហ័សតាមពេលកំណត់ និងតាមនីតិវិធីសាមញ្ញ ដែលអាចឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕