(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំងលោក លោកស្រី គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការជុំវិញខេត្ត នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តកេសរារាម និងវត្តពោធិ៍វង្ស (វត្តថ្មី) ក្នុងក្រុងសៀមរាប។
លោក ឃឹម ប៊ុនសុង និងលោកស្រី បានធ្វើការវេប្រគេននូវទេយវត្ថុ និងគ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និងបច្ច័យ២លានរៀល ប្រគេនព្រះសង្ឃក្នុងមួយវត្ត ដើម្បីសម្រាប់ប្រើប្រាស់ក្នុងឱកាសកាន់ព្រះវស្សា ព្រមទាំងសីលវ័ន្តសីលវន្តី ម្នាក់ៗក្រណាត់ស១ដុំ និងថវិកាប្រាក់១ម៉ឺនរៀលផងដែរ។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗទៀត ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃស្មារតីជ័យជំនះ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយទៅក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សតវត្សរ៍ទី២១នេះ។ ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើម្បីឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ។
ដូច្នេះពិធីបុណ្យភ្ជំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយសូមងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ៕