(កំពត)៖ លោក កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ បើកកិច្ចប្រជុំស្តីពី «ការត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងការកសាងឯកសារបឋមនៃទីក្រុងកំពត ដើម្បីចុះក្នុងបញ្ជីទីក្រុងបេតិកភណ្ឌ»។
ពិធីនោះដែរក៏មានការចូលរួមពី អ្នកម្នាងបណ្ឌិត ស៊ីសុវត្ថិ ម៉ែន ច័ន្ទទេវី នាយិកាមជ្ឈមណ្ឌលបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ិល កុសល អភិបាលរងខេត្តកំពត រួមទាំងលោក លោកស្រី ប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញ មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តចំនួន ៣៥០នាក់ផងដែរ នៅសាលាខេត្តកំពត។
ថ្លែងក្នុងឱកាសនោះលោក កើត ពុទ្ធវរី បានឱ្យដឹងថា ទីក្រុងកំពតគឺជាទីក្រុងដែលអង្គការ UNESCO ប្រចាំកម្ពុជា សហការជាមួយក្រសួងវប្បធម៌កំពុងសិក្សា និងមានបំណងដាក់ចូលក្នុងបញ្ជី ទីក្រុងបេតិកភណ្ឌពិភពលោក ដែលនេះជាសញ្ញាថ្មីមួយទៀត សម្រាប់គោលនយោបាយអភិវឌ្ឍន៍ វិស័យទេសចរណ៍ ឱ្យមានភាពទាក់ទាញ និងបញ្ជ្រាបការយល់ដឹង អំពីការដាក់ទីក្រុងក្នុងបញ្ជី បេតិភណ្ឌជាអត្ថប្រយោជន៍ និងការស្ទង់មតិអំពីការត្រៀមលក្ខណៈ ដើម្បីចុះទីក្រុងកំពតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោកបានបញ្ជាក់ទៀតថា នេះជាលើកទី១ ក្នុងការចងក្រងរៀបចំជាបញ្ជីបេតិកភណ្ឌ ដើម្បីស្នើសុំទៅអង្គការ UNESCO ក្នុងការចុះបញ្ជីពិភពលោក ព្រោះប្រទេសជុំវិញកម្ពុជា គេបានរៀបចំ ដូចគ្នានេះអស់ហើយដែរ ដូចជា ឡាវ វៀតណាម និងថៃជាដើម។ ក្នុងនាមក្រសួងទេសចរណ៍ក៏ដូចរាជរដ្ឋាភិបាលកម្ពុជាបានរំពឹងទុកថា គឺអាចស្នើសុំពីអង្គការ UNESCO ដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានសម្រាប់ខេត្តកំពតព្រោះថា បើគិតពីប្រវត្តិសាស្ត្រអាយុកាលរាប់រយពាន់ឆ្នាំ ប្រទេសជាតិយើងមានអាយុកាលជាយូរលង់មកហើយមុនគេនៅអាស៊ីនេះ។
លោកក៏បានសំណូមពរស្នើសុំដល់អាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ ត្រូវសហការរួមគ្នាថែរក្សាអភិរក្ស សំណង់បេតិកភណ្ឌទាំងអស់នោះឱ្យបានគង់វង្ស ពិសេសយើងទាំងអស់គ្នាចូលរួមសំអាតអនាម័យ បរិស្ថានលើកម្ពស់សោភ័ណភាពទីក្រុង បង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនស្របតាមចក្ខុវិស័យ ការព្យាករណ៍របស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅឆ្នាំ២០២០កម្ពុជា នឹងមានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៧លាននាក់ ជាមួយចំណូលជាង ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ ១លាននាក់ និងដោយប្រយោលរាប់លាននាក់ថែមទៀត៕