(ចិន)៖ មជ្ឈមណ្ឌលព័ត៌មានរដ្ឋចិន បានចេញផ្សាយរបាយការណ៍ទិន្នន័យសំខាន់ ជាលើកទីបីរបស់ខ្លួន អំពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ នៅក្នុងអំឡុងពេលប្រជុំ ដាវ៉ុស រដូវក្តៅ ប្រចាំឆ្នាំ។
របាយការណ៍ប្រចាំឆ្នាំ ដែលបានចេញផ្សាយជាលើកដំបូងកាលពីឆ្នាំ២០១៦កន្លងទៅនេះ ត្រូវបានតាក់តែងឡើង ចេញពីទិន្នន័យដែលគេប្រមូលបាន ដោយប្រើបច្ចេកវិទ្យាទិន្នន័យធំ។ របាយការណ៍ឆ្នាំនេះបង្ហាញថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់មួយផ្លូវមួយ បានបង្កើតចេញជាសមិទ្ធិផលជាច្រើន នៅក្នុងប្រទេសចិន និងនៅតាមបណ្តាប្រទេសទូទាំងពិភពលោក ដែលចូលរួមក្នុងគម្រោងនេះ។
របាយការណ៍លើកឡើងថា ចាប់តាំងពីពេលដែលគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ត្រូវបានស្នើឡើងកាលពីឆ្នាំ២០១៣ គេឃើញមានភាពរីកចម្រើន លើផ្នែករៀបចំគោលនយោបាយទំនាក់ទំនង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ លំហូរពាណិជ្ជកម្ម ការផ្តល់ថវិកា និងការដោះដូរគ្នាទៅវិញទៅមករវាងប្រជាជន និងប្រជាជន។
របាយការណ៍បានបន្ថែមថា ក្នុងអំឡុងពេល៥ឆ្នាំកន្លងទៅនេះ ការពង្រីក «រង្វង់មិត្តភាព» របស់គំនិតផ្តួចផ្តើមនេះ បានធ្វើឱ្យជាង១០០ប្រទេសនៅតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន អាចចូលរួមធ្វើកិច្ចការមួយចំនួនក្នុងគំនិតផ្តួចផ្តើមនេះ។
របាយការណ៍ឱ្យដឹងថា នៅពេលដែលគំនិតផ្តួចផ្តើមនេះអភិវឌ្ឍទៅមុខ ប្រទេសរុស្ស៊ីបានវិវឌ្ឍខ្លួនក្លាយជាដៃគូសហការដ៏ធំបំផុតរបស់ប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នាតែម្តង។
លោក ឆឹង សៀវប៉រ នាយក មជ្ឈមណ្ឌលព័ត៌មានរដ្ឋចិន និយាយថា «សហប្រតិបត្តិការរបស់យើង លើការងារវិនិយោគនិងពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ កំពុងរីកចម្រើនកាន់តែធំ។ ម្យ៉ាងទៀត ខេត្តក្រុងមួយចំនួននៅក្នុងប្រទេសចិន ក៏កំពុងចូលរួមកាន់តែច្រើនឡើងយ៉ាងសន្សឹមៗ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយនេះដែរ។ កត្តាទាំងនេះបង្ហាញថា កម្រិតនៃការបើកចំហរទីផ្សាររបស់ប្រទេសចិន កំពុងកើនឡើង»។
របាយការណ៍នេះ ត្រូវបានតាក់តែងឡើងដោយប្រើទិន្នន័យចំនួន៥ម៉ឺនលានបំណែក ពីវិស័យជាច្រើនដូចជា ការបញ្ចេញយោបល់តាមអនឡាញ ពាណិជ្ជកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្លងប្រទេស ហើយគេបានប្រមូលវាពី៧១ប្រទេស ដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ព្រមទាំងពីអង្គភាពរដ្ឋបាលនៅតាម៣១ខេត្តរបស់ចិន និងស្ថាប័នប្រឹក្សាយោបល់ជាង១ពាន់កន្លែង និងស្ថាប័នសារព័ត៌មានចំនួន២៤០០ស្ថាប័ន។
នៅឆ្នាំនេះ របាយការណ៍បានរួមបញ្ចូលជាលើកដំបូង នូវសន្ទស្សន៍ជាច្រើនដែលវាស់ស្ទង់ អំពីបរិយាកាសវិនិយោគ និងភាពងាយស្រួលនៃបណ្តាញឌីជីថលអាជីវកម្មផ្លូវសូត្រ ដែលមានបំណងលើកស្ទួយដល់ការដោះដូរ ផ្នែកវប្បធម៌ទៅវិញទៅមករវាងប្រទេសដែលចូលរួម៕ (សារព័ត៌មាន CCTV របស់ចិន)