(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានស្នើគណៈប្រតិភូធុរជនអាមេរិក ដឹកនាំដោយលោក វីល្លាម ហ៊ីដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោក អេឡែន ឌី តាន់ (Allen D. Tan) ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ធ្វើការវិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឲ្យដល់កម្រិតស្តង់ដារអន្តរជាតិ ដើម្បីជំរុញការនាំចេញឲ្យបានអតិបរមា។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកសំណើនេះឡើង នាឱកាសចូលរួមពិសាអាហារពេលព្រឹក ដើម្បីផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្មកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនគណៈប្រតិភូធុរជនអាមេរិក អំពីស្ថិរភាពកំណើនសេដ្ឋកិច្ច និងសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជា បានកំពុងជួបប្រទះ ដែលទាមទារឲ្យមានការចូលរួមវិនិយោគពីផ្នែកឯកជន ដើម្បីធ្វើទំនើបកម្ម និងប្រែក្លាយវិស័យមួយនេះ ឲ្យទៅមូលដ្ឋានផលិតកម្មជាតិ សំដៅធ្វើពិពិធកម្ម (ពង្រីក) ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីអត្ថប្រយោជន៍ នៃការធ្វើធុរកិច្ចនៅកម្ពុជា និងបានជម្រាបជូនភាគីអាមេរិក អំពីគោលនយោបាយលើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស ដូចជាការលើកលែងពន្ធនាំចូលសម្រាប់សម្ភារ និងគ្រឿងបរិក្ខាកសិកម្ម, ការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការសម្រួលការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រោមប្រព័ន្ធអនុគ្រោះពន្ធផ្តល់ដោយប្រទេសជាដៃគូ។
បន្ថែមលើនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តប្រតិភូធុរជនអាមេរិក ចាប់ដៃគូជាមួយធុរជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការនាំយកបច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្សែចង្វាក់តម្លៃកសិផលរបស់កម្ពុជា និងការបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពវិស័យឯកជន និងលើកស្ទួយការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ជាការឆ្លើយតប លោក វីល្លាម ហ៊ីដ និងលោក អេឡែន ឌី តាន់ ព្រមទាំងគណៈប្រតិភូធុរជនអាមេរិក បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលចែករំលែកនូវព័ត៌មានល្អៗ ទាក់ទិនឱកាសវិនិយោគលើផ្នែកកសិកម្ម និងកសិ-ពាណិជ្ជកម្ម។ លោក វីល្លាម ហ៊ីដ និងលោក អេឡែន ឌី តាន់ បានសន្យាជួយសម្របសម្រួលការចាប់ដៃគូធរុកិច្ចរបស់វិស័យឯកជននៃប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពជួយគាំទ្រការអភិវឌ្ឍសមត្ថភាពភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ជុំវិញការអភិវឌ្ឍខ្សែចង្វាក់តម្លៃកសិផលកម្ពុជា និងការធ្វើពិពិធកម្មវិស័យនាំចេញ។
សូមជម្រាបថា វិស័យកសិកម្ម គឺជាសសរស្តមដ៏សំខាន់មួយ នៃសេដ្ឋកិច្ចកម្ពុជា ដោយសារតែជាង ៨០% នៃប្រជាជនរស់នៅតំបន់ជនបទ គឺជាកសិករ។ កាលពីឆ្នាំ ២០១៧ វិស័យកសិកម្ម បានរួមចំណែកនៅក្នុងផលិតផល ក្នុងស្រុកសរុប (GDP) ២៤,៩%។ ទន្ទឹមនឹងនេះ នៅក្នុងអំឡុងពេលដូចគ្នា ឧស្សាហកម្មមាន ៣២,៩% និងសេវាកម្មមាន ៤២,២%។ ការចូលរួមនៃវិស័យកសិកម្ម បានថយចុះដោយសារតែកំណើនលឿន នៃវិស័យពីរ ផ្សេងទៀត។ ប៉ុន្តែទោះបីជាមានឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុង ក៏វិស័យប្រពៃណីមួយនេះ នៅតែដើរតួនាទីសំខាន់សម្រាប់ប្រជាជនកម្ពុជាភាគច្រើន៕