(កំពង់ឆ្នាំង)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ចេញនូវយុទ្ធនាការទ្រង់ទ្រាយធំជាបន្ទាន់ ក្រោយភ្លៀងឈប់ធ្លាក់ ដើម្បីជួសជុល និងស្ដារឡើងវិញ ផ្លូវជាតិនៅទូទាំងប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀងក្នុងរដូវវស្សានេះ។
ចំពោះស្ថានភាពផ្លូវដែលកំពុងខូចខាតខ្លាំង គឺផ្លូវជាតិលេខ៤៨ ចេញពីស្រុកស្រែអំបិល ទៅទីរួមខេត្តកោះកុង ក៏ត្រូវបានទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អះអាងថា នឹងជួសជុលឡើងវិញឲ្យហើយជាស្ថាពរនៅមុនបុណ្យសមុទ្រ ពោលនៅមុនខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឡើងវិញ ក្រោយជួបការលំបាកអស់មួយរយៈ។
ការអះអាងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី នាំប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាលសរុប ៥០០នាក់ មកជិះរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «ផ្លូវយើងមួយចំនួនខូចខាតដោយសារទឹកជំនន់ យើងខ្ញុំបានត្រៀមទាំងអស់ទាំងគ្រឿងចក្រ ទាំងមន្ដ្រី បច្ចេកទេស ត្រៀមនឹងទៅជួសជុលជាបន្ដបន្ទាន់ ពេលណាភ្លៀងឈប់ធ្លាក់យើងខ្ញុំចេញជាបន្ទាន់ដើម្បីជួសជុលស្ដារផ្លូវទូទាំងប្រទេស ជូនបងប្អូនប្រជាពលរដ្ឋ។ ផ្លូវមួយដែលខូចខាតច្រើន គឺផ្លូវលេខ៤៨ ពីស្រែអំបិល ទៅកោះកុង យើងខ្ញុំប្ដេជ្ញាចិត្តថា ត្រូវតែធ្វើឲ្យហើយមុនបុណ្យសមុទ្រខែ១២»។
បើតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ដ្រី ពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំ និងត្រៀមអ្នកបច្ចេកទេសរួចអស់ហើយ ដោយមានចំនួន៦ក្រុម ជាមួយនឹងគ្រឿងចក្រគ្រប់ប្រភេទ ដើម្បីជួសជុលផ្លូវឡើងវិញ ដោយក្រសួងនឹងសម្រុកផ្លូវឲ្យកាន់តែឆាប់ បើទោះបីធ្វើទាំងយប់ទាំងថ្ងៃ ក៏ត្រូវតែធ្វើដែរ។
សូមរំលឹកថា បន្ទាប់ពីរដូវវស្សាឈានចូលមកដល់គេសង្កេតឃើញថា ជំនន់ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក ដែលជាហេតុធ្វើឲ្យផ្លូវសំខាន់ៗមួយចំនួន ក្នុងប្រទេសកម្ពុជា បាននិងកំពុងរងការខូចខាតយ៉ាងខ្លាំង ដែលជាហេតុនាំឲ្យមានការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងការខូចខាតនេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ជាញឹកញយក៏ធ្លាប់បានចុះទៅពិនិត្យស្ថានភាពផ្លូវទាំងនោះផងដែរ ព្រមទាំងបានណែនាំឲ្យមន្ដ្រី បច្ចេកទេសរៀបចំជួសជុលជាបណ្ដើរៗផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឡើងវិញ៕