(ភ្នំពេញ)៖ ខណៈទំនាក់ទំនងកម្ពុជា-ចិន ឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយហើយនោះ មានក្រុមហ៊ុនឯកជនរបស់ចិន បានបង្ហាញគោលជំហរបង្កើតសាលារៀន តាមប្រព័ន្ធអនឡាញនៅកម្ពុជា ដើម្បីឱ្យសិស្ស-និស្សិតនៅកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការសិក្សា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ដោយខាងក្រុមហ៊ុនចិន បានបញ្ជាក់ថា ខ្លួនទទួលបានជោគជ័យខ្ពស់ក្នុងការបង្កើតសាលាអនឡាញនេះនៅប្រទេសចិន។
នេះជាការបញ្ជាក់របស់លោក ឡៅ ហ៊ឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលបានធ្វើឡើងក្រោយជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ជាមួយលោក ជាំង ហៅ អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន Join Capital Investment & Management Co.,LTD លោក វិន ធានអ៊ូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Hangu Education Technology Co.,LTD និងលោក ហ៊ង ហ៊ អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ខូអ៉ិលធីឌី។
លោក ឡៅ ហ៊ឹម បានឱ្យដឹងថា ក្រុមហ៊ុនចិននេះមកជម្រាបដំណឹងថា ពួកគេនឹងបង្កើតសាលាឯកជននៅកម្ពុជា តាមរយៈការរៀនតាមអនឡាញ ហើយក្រុមហ៊ុននេះក៏ធ្លាប់វិនិយោគច្រើននៅប្រទេសចិន ដែលមានថវិកាវិនិយោគរហូតដល់រាប់ពាន់លានដុល្លារ។
លោក ឡៅ ហ៊ឹម បានបន្តថា បើតាមការគ្រោងទុករបស់ក្រុមហ៊ុនចិន សាលាអនឡាញនោះនឹងបង្កើតនៅអំឡុងឆ្នាំ២០១៨នេះ ប៉ុន្តែទោះយ៉ាងណាភាគីពាក់ព័ន្ធក៏ត្រូវជជែកពិភាក្សាគ្នា និងសុំអនុញ្ញាតច្បាប់ បំពេញបែបបទនានាជាបន្តបន្ទាប់ទៀត ដើម្បីជំរុញឱ្យសាលាអនឡាញនេះចេញជារូបរាងឱ្យបានឆាប់ ខណៈក្រុមការងារមួយចំនួនដែលជាដៃគូរបស់ក្រុមហ៊ុនខាងលើ ក៏កំពុងបើកការបង្រៀនសិស្សតាមអនឡាញជាបណ្ដើរៗហើយដែរ។
លោកថា ការបង្កើតសាលាអនឡាញនេះ ធ្វើឡើងក្នុងគោលបំណងធំផ្តោតលើការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ឱ្យត្រូវនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពជា និយាយដោយឡែក និងនិយាយជារួម នៅក្នុងបណ្ដាប្រទេសអាស៊ានទាំងមូល។
អគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរូបនេះ បានបន្ថែមទៀតថា ជាការចាបផ្ដើម សាលានឹងបណ្ដុះបណ្ដាលមានជំនាញបច្ចេកវិទ្យា IT ទេសចរណ៍ ពាណិជ្ជកម្ម គណនេយ្យ និងជំនាញផ្សេងៗទៀត ដែលសាលានឹងពង្រីកជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីឱ្យស្របនឹងស្ថានភាពអប់រំ ធ្វើយ៉ាងណាត្រូវនឹងនីតិវិធី និងគោលការណ៍នៃវិស័យអប់រំរបស់កម្ពុជា៕