(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមកាន់បិណ្ឌ រាប់បាត្រ និងប្រគេនយាគូ ជូនចំពោះព្រះសង្ឃ នៅក្នុងវត្តសារាវ័នតេជោ ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ក្រៅពីការអញ្ជើញចូលរួមកាន់បិណ្ឌ លោក វង សូត និងភរិយា ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងទាំងអស់ ក៏បានចែកទាន និងសំភារៈប្រើប្រាស់មួយចំនួន ជូនដល់ចាស់ព្រឹទ្ធចារ្យ លោកតា លោកយាយ និងក្មេងៗ ព្រមទាំងពុទ្ធបរិស័កជាច្រើននាក់ផងដែរ។
នៅក្នុងឱកាសនោះ រដ្ឋមន្រ្តី វង សូត បានប្រគេនបច្ច័យចំនួន១០លានរៀល ជូនដល់ចៅអធិការវត្ត ដើម្បីយកជួយទំនុបបំរុង ការចែកចំនាយផ្សេងៗ នៅក្នុងវត្តសារាវ័នតេជោ។ ក្រៅពីនោះ ក៏មានការផ្តល់ជូនដល់ ចាស់ព្រឹទ្ធចារ្យ លោកតា លោកយាយ ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានបច្ច័យចំនួន១ម៉ឺនរៀល និងសិស្ស ចំនួន៣០នាក់ ក្នុងម្នាក់ៗ បច្ច័យចំនួន១ម៉ឺនរៀល។ ចំពោះសំភារៈបរិក្ខារវិញរួមមាន អង្ករ៣បាវ ទឺកក្រូច៥កេស ទឹកសុទ្ធ៥កេស ផ្លែឈឺ១កន្រ្តក។
ជាការកត់សំគាល់ ជារៀងរាល់រដូវបុណ្យទានម្តងៗ លោក វង សូត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងតែអញ្ជើញទៅធ្វើបុណ្យ ដើម្បីឧទ្ធិសកុសលជូនដល់ញាតិការ និងសុំសេចក្តីសុខសប្បាយរុងរឿង ជូនក្រុមគ្រួសារ បងប្ងូនជនរួមជាតិ និងប្រទេសជាតិទាំងមូលផងដែរ៕