(ភ្នំពេញ)៖ ម្ចាស់អាជីវកម្មក្រុមហ៊ុន Keller Williams Cambodia លោកបណ្ឌិត គីម ហ៊ាង បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ក្រោយទិញបាន Master Franchise ពីក្រុមហ៊ុនដ៏ល្បីរបស់អាមេរិក Keller Williams Realty មកកាន់ប្រទេសកម្ពុជា ដោយលោករំពឹងទីផ្សារដីធ្លីកម្ពុជានឹងមានការផ្លាស់ប្ដូរ ១៨០ឌឺក្រេ ប្រសិនបើក្រុមហ៊ុនខ្លួនដំណើរការល្អក្នុងរយៈពេល ៣ឆ្នាំដំបូង។
ការអះអាងបែបនេះ បានធ្វើឡើងក្នុងវេទិការសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន Keller Williams Cambodia នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានអ្នកចូលរួមជាង ៤៥០នាក់ និងមានវាគ្មិនល្បីៗ ៥រូប បានចូលរួមធ្វើបទបង្ហាញ និងចែករំលែកនូវចំណេះដឹងក្នុងការប្រកបអាជីវកម្មដីធ្លីក្នុងកម្មវិធីនេះ។
លោកបណ្ឌិត គីម ហ៊ាង និយាយថា បច្ចុប្បន្នក្រុមហ៊ុន កំពុងធ្វើការផ្សព្វផ្សាយពីគោលបំណង និងអត្ថប្រយោជន៍ដល់ភ្នាក់ងារ និងសាធារណជនទូទាំងឡាយឲ្យបានស្គាល់ Keller Williams មុនបើកដំណើរការផ្លូវការនាចុងឆ្នាំ២០១៨។ ដូច្នេះ ១ឆ្នាំដំបូង ក្រោយសម្ពោធក្រុមហ៊ុន វាគឺជាការសាកល្បង ដោយមិនគិតពីផលចំណេញ។ ប៉ុន្ដែក្នុងរយៈពេល ២ឆ្នាំបន្ទាប់ លោករំពឹងនឹងមានការផ្លាស់ប្ដូរ និងលេចចេញជាផ្លែផ្កា បើមិនដូច្នោះមានន័យថា ក្រុមហ៊ុននឹងត្រូវបរាជ័យ។
លោកនិយាយថា «ឥឡូវយើងមិនហ៊ាននិយាយអ្វីច្រើនជាងការផ្សព្វផ្សាយឲ្យមហាជនបានស្គាល់ពី Keller Williams ទេ តែយើងនឹងប្រើពេល ៣ឆ្នាំ ដើម្បីបញ្ជាក់ថា ហេតុអ្វីយើងយក Keller Williams មកកម្ពុជា ខ្ញុំសុខចិត្តខាតដំបូង ព្រោះឥឡូវមិនមែនជាពេល Keller Williams ត្រូវការផលចំណេញ។ ប៉ុន្ដែខ្ញុំសុំពេល ៣ឆ្នាំ ខ្ញុំនឹងធ្វើឲ្យទីផ្សារដីធ្លីស្រុកខ្មែរមានការផ្លាស់ប្ដូរ ហើយបើជោគជ័យ ទីផ្សារកម្ពុជានឹងការផ្លាស់ប្ដូរ ១៨០ឌឺក្រេ ហើយយើងនឹងឈានទៅសម្រេចគោលដៅគ្រប់គ្រងទីផ្សារ ៣០% ក្នុងរយៈពេល ១០ឆ្នាំខាងមុខ»។
បន្ថែមលើនេះ លោកសង្កត់ធ្ងន់ថា «មានអ្នកខ្លះថាឲ្យខ្ញុំ អ្នកឯងយក Keller Williams មកកម្ពុជា ដូចអូសឬស្សីបញ្ច្រាសចុង ព្រោះអ្នកធ្វើអាជីវកម្មមួយចំនួន រកស៊ីតែអញ្ចឹង ដល់ពេលយើងយកអ្វីមួយថ្មី ដូចជាខុសគេ តែខ្ញុំជឿថា ខុសតែឥឡូវទេ ព្រោះបើសិនខ្ញុំចំណាយពេល ៣ឆ្នាំ ហើយចំណាយលុយ ១លានដុល្លារ ដើម្បីដំណើរការ Keller Williams តែបើ ៣ឆ្នាំខាត ១លានដុល្លារ ខ្ញុំគិតថា ក៏វាសមហេតុផល ព្រោះយើងព្យាយាមអស់ពីលទ្ធភាពហើយ ប៉ុន្ដែបើយើងជោគជ័យ វិស័យដីធ្លីយើងនឹងល្អប្រសើរ ដូចសិង្ហបុរី ឬនៅអឺរ៉ុបមួយចំនួនអញ្ចឹង ដែលរកស៊ីដោយមានច្បាប់ត្រឹមត្រូវ»។
គួរបញ្ជាក់ថា Keller Williams ត្រូវបានលោកបណ្ឌិត គីម ហ៊ាង ចុះហត្ថលេខាទិញ Master Franchise ពីអាមេរិកកាលពីប៉ុន្មានខែមុន ប៉ុន្ដែមុននាំយក Franchise មកកម្ពុជា លោកត្រូវបានដៃគូអាជីវកម្ម ៦នាក់បដិសេដមិនចូលហ៊ុន។ តែដោយសារចង់ឃើញវិស័យដីធ្លីរីកចម្រើន និងមានការប្រកួតប្រជែងកាន់តែខ្លាំង ទើបបង្ខំឲ្យប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ ចរចាហូតបានសម្រេច និងគ្រោងសម្ពោធបើកក្រុមហ៊ុនផ្លូវការចុងឆ្នាំ២០១៨នេះ ហើយក្រុមហ៊ុនក៏ត្រៀមស្វាគមន៍ភ្នាក់ងារ និងអ្នករកស៊ីដីធ្លី ដែលចង់ក្លាយជាសមាជិករបស់ Keller Williams Cambodia ផងដែរ៕