(ភ្នំពេញ)៖ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងដោយមានការចង្អុលបង្ហាញពីលោករដ្ឋមន្រ្តី ថោង ខុន, ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការអភិវឌ្ឍទេសចរណ៍ និងតម្រង់ទិសជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់និស្សិតមកពីសាកលវិទ្យាល័យធំៗចំនួន៤ រួមមាន៖ សាកលវិទ្យាល័យបៀលប្រាយ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
សិក្ខាសាលានេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យបៀលប្រាយ ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សាស្រ្តា ចារ្យ សិស្ស និសិ្សត និងតំណាងយុវជនក្នុងវិស័យទេសចរណ៍ សរុបប្រមាណ ២០០នាក់។
សិក្ខាសាលានេះរៀបចំឡើងដើម្បីចូលរួមផ្សព្វផ្សាយ និងផ្តល់នូវចំណេះដឹងថ្មីៗ នៃការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសដើម្បីស្វែងយល់អំពីទេសចរណ៍កម្ពុជា ការអប់រំ និងការបណ្តុះបណ្តាលក្នុងវិស័យទេសចរណ៍ គម្រោងកម្ចីសិក្សាសម្រាប់សិស្ស-និស្សិតក្នុងវិស័យទេសចរណ៍ ការជ្រើសរើសមុខរបរក្នុងវិស័យទេសចរណ៍ កម្មវិធីហាត់ការ (Internship) ក្នុងវិស័យទេសចរណ៍ និងគម្រោងប្រព័ន្ធបណ្ណដំណើរកម្សាន្តដែលមានតម្លៃសមរម្យ ដើម្បីលើកទឹកចិត្តដល់យុវជន សិស្ស-និស្សិត ឱ្យចាប់យកការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ និងការងារក្នុងវិស័យទេសចរណ៍ ព្រមទាំងតម្រង់ខ្លួនឱ្យត្រូវនឹងបរិបទ និងតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងអនាគត។
គួររំឭកថា ក្រសួងទេសចរណ៍បានកំណត់នូវចក្ខុវិស័យ និងគោលដៅរបស់ខ្លួន ដូចជា៖
* ឆ្នាំ២០២០៖ បង្កើតការងារផ្ទាល់ឲ្យបានប្រមាណ ១លាននាក់ និងជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន។
* ឆ្នាំ២០២៥៖ បង្កើតការងារផ្ទាល់ឲ្យបានប្រមាណ ១.២លាននាក់ សម្រេចឲ្យបានយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» និងជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ (១០០%) ឲ្យមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន។
* ឆ្នាំ២០៣០៖ សម្រេចឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព SDG4: «ធានាឲ្យបាននូវការអប់រំ បណ្តុះបណ្តាលប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត (Long Life Learning) ដល់យុវជនគ្រប់រូប» និង SDG8: ជំរុញកំណើតសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប «ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍមូលធនមនុស្ស ក្រោមបរិបទជាតិ និងតំបន់»។
គួរកត់សម្គាល់ថា រយៈពេល៧ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណ ៣.៥លាននាក់ កើនឡើងប្រមាណ ១១.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។ តាមការព្យាករណ៍ នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ជាមួយនឹងចំណូលសរុបប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់៕