(ហាណូយ, វៀតណាម)៖ បន្ទាប់ពីការហោះហើរជាងមួយម៉ោងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូបានអញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយនៅវេលាម៉ោងជិត ១០ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង។

សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាបណ្តាមេដឹកនាំ និងគណៈប្រតិភូ នៃប្រទេសជាមិត្តនានារបស់វៀតណាមចំនួន ១១ប្រទេសផ្សេងទៀត រួមមានប្រទេសឡាវ សឹង្ហបុរី ម៉ូសំប៊ិច បេឡារ៉ុស សាធារណរដ្ឋកូរ៉េ ជប៉ុន គូបា ឥណ្ឌូនេស៊ី ចិន ម៉ាឡេស៊ី និងរុស្សី បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធប្រធានាធិបតីវៀតណាម ត្រាន់ ដាយក្វាង ដែលតម្កល់នៅបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាម ក្នុងទីក្រុងហាណូយ។

នៅចំពោះមុខមជ្ឈូសសពដែលប្រារព្វពិធីតម្កល់ជាផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលំអោនកាយគោរពចំពោះ វិញ្ញាណក្ខន្ធសពអតីតប្រធានាធិបតីវៀតណាម។

លើសៀវភៅក្រាំងមាសមរណទុក្ខសម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់បង្ហាញការចូលរួមរំលែកទុក្ខដ៏ក្រោមក្រំបំផុត ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះគណបក្សកុម្មុយនីស្តវៀតណាម រាជរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះមរណភាពរបស់ ត្រាន់ ដាយក្វាង ប្រធានាធិបតីវៀតណាម កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។

ក្នុងសៀវភៅក្រាំងមាសនោះ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា មរណភាពរបស់លោក ត្រាន់ ដាយក្វាង គឺជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា និងជាមិត្តដ៏ល្អរបស់សម្តេច ដែលធ្លាប់មានអនុស្សាវរីយ៍ដ៏ជិតស្និទ្ធជាមួយគ្នា។

«យើងនឹងចងចាំជានិច្ចនូវការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ត្រាន់ ដាយក្វាង ដើម្បីលើកកម្ពស់ចំណងទាក់ទង់ជាភាតរះ រវាងកម្ពុជា និងវៀតណាម ក៏ដូចជានាំមកនូវសុភមង្គល និងការរីកចម្រើនជឿនលឿនថែមទៀតរបស់ប្រជាជាតិវៀតណាម»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម។

ក្រោយបញ្ចប់ការគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានាធិបតីវៀតណាម ក៏ដូចជាជួបសំណេះសំណាលការងារជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី​ ណាក់យ៉ុន​ (​Lee Nak-yeon)​ ហើយនោះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូហោះត្រឡប់មកប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃដដែលនេះ។

សូមបញ្ជាក់ថា ប្រធានាធិបតី ត្រាន់ ដាយក្វាង បានទទួលមរណភាពនៅម៉ោង ១០៖០៥នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យយោធា ក្នុងទីក្រុងហាណូយ ក្នុងអាយុ ៦១ឆ្នាំ បន្ទាប់ពីលោកបានកាន់តួនាទីជាប្រធានាធិបតីរបស់វៀតណាម បានជាង ២ឆ្នាំ។

លោក ត្រាន់ ដាយក្វាង បានស្បថចូលកាន់តំណែងជាប្រធានរដ្ឋវៀតណាម នៅក្នុងខែមេសា ឆ្នាំ២០១៦ ដោយជំនួសតំណែងលោក Truong Tan Sang។ លោក ត្រាន់ ដាយក្វាង កើតនៅក្នុងឆ្នាំ ១៩៥៦ នៅភូមិ Quang Thien នៃខេត្តភាគខាងជើង Ninh Binh។

លោកបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យនគរបាលប្រជាជនវៀតណាម និងសាលាភាសាបរទេស ក្រោមក្រសួងមហាផ្ទៃ ដែលបច្ចុប្បន្នជាក្រសួងសន្តិសុខសាធារណៈ។ លោកក៏ធ្លាប់ធ្វើជាសាស្ត្រាចារ្យដោយមានសញ្ញាបត្របណ្ឌិតផ្នែកច្បាប់ មុននឹងចូលកាន់តំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋាន នៃក្រុមប្រឹក្សាសន្តិសុខ។ បន្តមកទៀត លោក ត្រាន់ ដាយក្វាង បានក្លាយជាអនុរដ្ឋមន្ត្រីសន្តិសុខ សាធារណៈ នៅឆ្នាំ២០០៦។ ក្នុងខែសីហា ឆ្នាំ២០១១ លោក ត្រាន់ ដាយក្វាង ត្រូវបានដំឡើងតំណែងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ រហូតដល់ខែមីនា ឆ្នាំ២០១៦ មុនក្លាយជាប្រធានរដ្ឋវៀតណាម៕