(ព្រះវិហារ)៖ បុរសម្នាក់បានបើករថយន្តធុនដ្រាមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ខណៈដល់កន្លែងកើតហេតុ ជាចំណុចផ្លូវកោងបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងឆ្លងផ្លូវ បណ្តាលឱ្យបុរសម្នាក់បានស្លាប់បាត់បងជីវិត ក្រោយពីបានបញ្ជូនទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែក១៦មករា។
ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១១២-១១៣ ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ រួន យ៉េត អធិការនគរបាលស្រុកត្បែងមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នេះថាជនរងគ្រោះមានឈ្មោះ ឃាន់ ញ៉ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានស្លាប់នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅឯមន្ទីរពេទ្យបង្អែក១៦មករា។
លោកអធិការស្រុកបានឱ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តម៉ាកធុនដ្រា បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះដល់កន្លែងកើតហេតុដែលជាចំណុចផ្លូវកោង ក៏បុកម៉ូតូជនរងគ្រោះចំពីមុខឈាងខាងស្តាំយ៉ាងពេញទំហឹង ខណៈពេលដែលជនរងគ្រោះជិះម៉ូតូឆ្លងផ្លូវចេញពីស្តាំដៃ បំរុងធ្វើដំណើរទៅទិសខាងត្បូងវិញ ក្រោយហេតុការណ៍កើតឡើង អ្នកបើករថយន្តបានចុះរត់គេចខ្លួន ដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យ។
លោកបានឱ្យដឹងបន្ថែមថា រថយន្តធុនដ្រាពាក់ស្លាកលេខ2T 8077 និងម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុក ក្រោយធ្វើការវាស់វែងរួច៕