(ក្រចេះ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយអង្កការ ការីតាសកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជាជំហានទី១ សម្រាប់ខេត្តចំនួន៥តាមដងទន្លេគង្គ ក្រោអធិបតីភាពលោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្រ្តីបច្ចកទេស (គ.ជ.គ.ម) នៅដើមសប្តាហ៍នេះ។
លោកទេសរដ្ឋមន្រ្តី និងក្រុមការងារ បានចុះជួបបងប្អូនប្រជាពលរដ្ឋ ចំនួន៧៦០គ្រួសារ ក្នុងស្រុកចំនួន២ គឺស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី ដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយទឹកជំនន់អស់រយៈពេល១ខែជាង។ ពីធីមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្តលោក វ៉ា ថន រួមនិងអាជ្ញាធរស្រុកឃុំផងដែរ។
លោក គីម រតនា បានលើកឡើងពីអង្កការការីតាសកម្ពុជា បានសហការយ៉ាងចិត្តស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រោះគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអ្នកទទួលផលដែលតំបន់ គោលដៅដើម្បីឆ្លើយតបរងគ្រោះទឹកជំនន់ ក្នុងឆ្នាំ២០១៨នេះ ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ អង្គការការីតាសកម្ពុជា បានសម្រេចផ្តល់ជំនួយដល់ជនរងគ្រោះប្រមាណ ៣៩០៨គ្រួសារ ជាជំហ៊ានទី១សម្រាប់ចំនួនខេត្តចំនួន៥គឺ ខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ព្រៃវែង និងខេត្តកណ្តាល។
ទេសរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការចូលរួមចំណែករំលេកទុក្ខលំបាកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះទុក្ខលំបាកដែលកើតឡើងមកលើ បងប្អូនប្រជាពលរដ្ឋ ពីគ្រោះមហ្តរាយនានា ជាពិសេស គ្រោះទឹកទំនន់តែម្តងដែលបានចោទមកលើផលដំណាំជីវភាពប្រចាំថ្ងៃ និងសុខភាពរបស់បងប្អូនផងដែរ។ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយ និងស្វែងរកដៃគូរជំនួយ ក្នុងការជួយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងនោះដែរ មានការគាំទ្រសហការពីអង្គការ ការីតាស ប្រចាំកម្ពុជា ដែលអង្គការបានឧបត្ថម្ភគាំទ្រមកលើកម្ពុជា លើការងារអប់រំ វិស័យកសិកម្ម និងការងារគ្រប់គ្រងឆ្លើយតបគ្រោះមហន្តរាយជាដើម។
លោកបន្តថា «មិនមែនតែប្រទេសកម្ពុជាយើងទេ ដែលជាអ្នកទទួលរងនូវគ្រោះមហន្តរាយពីធម្មជាតិនោះ គឺប្រទេសដទៃទៀត ក៏ជួបទទួលរងនូវបញ្ហាគ្រោះមហន្តរាយពីធម្មជាតិដែរ។ ហើយឆ្លើយទបទៅ នឹងបញ្ហាគ្រោះទឹកជំនន់នេះ រាជរដ្ឋាភិបាល រួមនិងអង្គការដៃគូរបានផ្តល់នូវសម្ភារមធ្យោបាយ ចុះអន្តរាគមន៍ជួយសង្គ្រោះ ជំលៀស និងបានផ្តល់ស្បៀងឧបភោប បរិភោគ ថ្នាំឱសថ និងវ៉ាក់សាំងបង្ការ បានទាន់ពេលវេលាផងដែរ។ ក្នុងនោះរាជរដ្ឋាភិបាល និងអង្គការដៃគូរ ក៏បានត្រៀមផ្តល់នូវគ្រាប់ស្រូវពូជ រួមនិងពូជបន្លែជាច្រើនប្រភេទ ដើម្បីផ្តល់ជូនក្នុងរយះពេលឆាប់ៗខាងមុខនេះ ឲ្យទាន់ទៅនឹងស្ថានភាពទឹក ក៏ដូចជា ស្ថានភាពរដូវដែលបងប្អូនប្រជាកសិករត្រូវបង្ករបង្កើនផល»។
ក្នងនោះទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឲ្យបងប្អូនត្រូវធ្វើការបោសសម្អាតផ្ទះសម្បែង ពិនិត្យលើសត្វល្អិត ឬសត្វពស់ជាដើមក្រោពេលទឹកជំនន់បានស្រក ត្រូវរស់នៅប្រកបដោយអនាម័យសុខភាព បរិស្ថាន និងត្រូវខិតខំប្រករបរកសិកម្មដំាដុះឲ្យទាន់រដូវ និងឲ្យកើនផលដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
លោកបានគូសបញ្ជាក់ថា ចំពោះគ្រោះមហន្តរាយ នៃគ្រោះទឹកជំនន់នេះយើងបានឆ្លើយតបពីគ្រប់ផ្នែក ពីគ្រប់មធ្យោបាយ មានន័យថា យើងបានប្រើប្រាស់នូវកម្លាំងសរុបមធ្យោបាយសរុប និងគោល ការណ៍សរុបក្នុងការឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាទឹកជំនន់នេះ ដោយពលរដ្ឋរងគ្រោះត្រូវបាន ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ការផ្តល់នូវការយកចិត្តទុកដាក់ដល់ជនរងគ្រោះពីគ្រប់ផ្នែក ពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានបានផ្តល់នូវការស្នាក់នៅបណ្តោះអាសន្ននៅលើទីទួល សុវត្ថិភាព រួមនឹងការផ្តល់នូវស្បៀងអាហារ សម្ភារប្រើប្រាស់ និងការថែទាំសុខភាពជាដើម។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានថ្លែងអំណរគុណចំពោះអង្គការជាដៃគូទាំងអស់ ដែលបានរួមចំណែកក្នុងការជួយសង្គ្រោះទៅដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នេះ ក្នុងនោះក៏មានអង្គការការីតាសកម្ពុជាផងដែរ ដែលតែងតែមានកិច្ចសហការល្អជានិច្ចជា មួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
អំណោយផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម តង១ មី១កេះ និងមុង១ ហើយនិងបានសម្តែងនូវកាសប្បាយចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដែលតែងតែជួយគិតគូរពីសុខទុក្ខរបស់ពួកគាត់គ្រប់ពេលវេលាផងដែរ៕