(រតនគិរី)៖ ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងមានសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សនោះ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី និងលោកស្រីបានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តឧត្តមនារាម ហៅវត្តអូរចេង ស្ថិតក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ និងនាំនូវបច្ច័យ, ទេយ្យទាន, ទេយ្យវត្ថុមួយចំនួន ដើម្បីយកមកប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីប្រមូលបច្ច័យមួយចំនួនកសាងទីអារាមនេះ ឲ្យមានការរីកចំរើនកាន់តែប្រសើរឡើង និងដើម្បីឧទ្ទិដកុសលជូនចំពោះយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងញាតិទាំង៧សណ្តាន ដែលបានលាចាកលោកផងដែរ។
តាមសង្ឃដីការរបស់ព្រះគ្រូជីន ជ្រិនចៅអធិការវត្តឧត្តមរតនារាម ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត នៃពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលពិធីបុណ្យនេះចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៥រោច មានរយៈពេល១៥ថ្ងៃជារៀងរាល់ឆ្នាំ។
អត្ថន័យសំខាន់ៗ បុណ្យកាន់បិណ្ឌនេះ គឺផ្តោតទៅលើចំណុច៣គឺ
*ទី១៖ ដើម្បីឧទ្ទិសកុសលចំពោះបេតបុគ្គលឫប្រេតបុគ្គល
*ទី២៖ ដើម្បីឲ្យបានសេចក្តីសុខចំរើន សេរីសួស្តីដែលកើតពីផលទានរបស់ខ្លួន
*ទី៣៖ ដើម្បីបង្កើតសាមគ្គីរបស់ជាតិ ការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ពេញទូទាំងប្រទេស។
ព្រះចៅអធិការវត្តអង្គនេះ មានសង្ឃដីការបញ្ជាក់ទៀតថា សមិទ្ធផលជាច្រើនក្នុងទីអារាមនេះ ដោយមានការបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ត្រី គឹម រស្មី និងលោក លោកស្រី មន្ត្រីក្រោមឱវាទព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕