(បន្ទាយមានជ័យ)៖ កម្លាំងជំនាញអាវុធហត្ថខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានសហការជាមួយអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវមុខសញ្ញាឆបោកប្រាក់ ដែលផ្ទេរ-ប្រគល់ ប្រាក់តាមរយៈវីងវេរលុយ និងបានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ នៅចំណុចភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យភ្នាក់ងារ Fresh News ដឹងនៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ថា ដោយទទួលបានបទបញ្ជា និងវិធានការពីលោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្តីពីការសុំកិច្ចសហប្រតិបត្តិការរវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប ទទួលការងារយុត្តិធម៌ ជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចុះស្រាវជ្រាវរកមុខសញ្ញាឆបោក ដែលទទួលបានតម្រុយមុខសញ្ញាជនល្មើស ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។
នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ លោកបានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ អាវុធហត្ថខេត្តសៀមរាប ចុះកិច្ចសហប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ នៅចំណុចវីងវេរលុយ ស្ថិតនៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ដែលជាទីតាំងទទួលផ្ទេរប្រាក់ពីជនរងគ្រោះ) ។
លោកបន្តថា តាមចម្លើយ និងតាមភស្តុតាងក្រដាសវេរលុយពីម្ចាស់ទីតាំងវីងវេរលុយ កម្លាំងជំនាញអាចកំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងជាក់លាក់ និងបានបើកកិច្ចសហប្រតិបត្តិការបន្ត រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ។ លោកបន្ថែមថា ជនសង្ស័យឈ្មោះ ហ៊ាង ស្រីនាង អាយុ ២៣ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ និងវត្ថុតាងរួមមាន ប្រាក់ខ្មែរចំនួន ១.០០០.០០០រៀល ក្រដាសវីងទទួលលុយ ចំនួន ១.០០០.០០០រៀល (សរុបទឹកប្រាក់ទាំងអស់ចំនួន ២.០០០.០០០រៀល) ទូរស័ព្ទដៃចំនួន ២គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយស្ត្រីសង្ស័យបានសារភាពថាខ្លួនធ្លាប់ជាប់ពន្ធនាគារ១លើករួចមកហើយ។ ពាក់ព័ន្ធករណីខាងលើខ្លួនពិតជាបានទទួល និងផ្ទេរប្រាក់ពីជនរងគ្រោះពិតប្រាកដមែនចំនួន ២.០០០ដុល្លាសហរដ្ឋអាមេរិក តាមរយៈបុរសម្នាក់ដែលមានទំនាក់ទំនងគ្នាតាមទូរស័ព្ទតែមិនស្គាល់មុខ។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងប្រគល់ឱ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី ៕